កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៤ នេះឯកឧត្តមបណ្ឌិតអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម សូ ខនឬទ្ធីគុណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកដ្ឋានកសិកម្ម និងឯកឧត្តម អស់លោកជាអគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន អង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្មបានអញ្ជើញទៅពិនិត្យវាយតម្លៃគ្រោះរាំងស្ងួតនៅតាមភូមិឃុំមួយចំនួនក្នុងភូមិសាស្ត្រស្រុកសំរោងខេត្តតាកែវ។
លោក ញ៉ឹប ស្រ៊ន NGEP SRORN ប្រធានមន្ទីរកសិកម្ម ខេត្តតាកែវបានឲ្យដឹងថា ផ្អែកលើស្ថានភាពជាក់ស្តែងគិតត្រឹមថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៤ នេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សាតាមបណ្តាស្រុកទាំងដប់របស់ខេត្តតាកែវអនុវត្តដូចខាងក្រោម ៖ ភ្ជួររាស់បាន ២២៣២៨៧ ហិកតា សាបសំណាបបាន ៥៦៨០ហិកតា និងព្រោះស្ទូងបាន ១០១៣៤១ ហិកតាគឺស្មើនឹង ៥៩,៦១ ភាគរយនៃផែនការប្រចាំឆ្នាំ ១៧០០០០ហិកតា។
ដោយឡែកនៅក្នុងដំណាក់កាល សប្តាហ៍ទី ២ ខែសីហានេះគ្រោះរាំងស្ងួតបានអូសបន្លាយពេលយូរធ្វើឲ្យរាំងស្ទះស្បឿនការងារបង្កបង្កើនផលរបស់ប្រជាកសិករ ក្នុងនោះគ្រោះរាំងស្ងួតបានធ្វើឲ្យប៉ះពាល់សំណាបប្រមាណ ៩១៨ហិកតា និងសន្ទូងប្រមាណ ២៤២៦០ ហិកតា ហើយនៅក្នុងចំណោមស្រុកទាំង ១០ គឺស្រុកសំរោងធ្ងន់ធ្ងរជាងគេ ។
ឯកឧត្តមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និងសហការីក៏បានអញ្ជើញពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវក្រោមកិច្ចសហការរវាងមន្ទីរកសិកម្មខេត្តអាជ្ញាធរឃុំ និងប្រជាកសិករ ជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានជួបសំណោះសំណាលជាមួយប្រជាកសិករម្ចាស់ស្រែ ហើយឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍សំដែងនូវការចូលរួមសោកស្តាយសំណាបសន្ទូងដែលខូចខាត និងកំពុងទទួលរងនូវផលប៉ះ ពាល់ដោយគ្រោះធម្មជាតិរាំងស្ងួតនៅក្នុងរដូវវស្សានេះ ។
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំសូមឲ្យមន្ទីរកសិកម្ម ខេត្តបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាកសិករជម្រុញការធ្វើអន្តរាគមន៍បូមបាចសង្គ្រោះស្រូវ បន្តទៀត និងសូមយកចិត្តទុកដាក់ជម្រុញការសាបសំណាបនៅកន្លែងដែលមានប្រភពទឹក និងត្រៀមស្រូវ ពូជដើម្បីស្តារការខូចខាតឡើងវិញ ម្យ៉ាងទៀតក៏ត្រូវតាមដានជាប្រចាំនូវស្ថានភាពគ្រោះរាំងស្ងួត និងរបាយទឹកភ្លៀងដែលកំពុងមានសភាពប្រែប្រួលជាងបណ្តាឆ្នាំមុនៗ ។ ខណៈនេះដែរឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានផ្តល់ការឧបត្ថម្ភប្រេងម៉ាស៊ូតចំនួនមួយពាន់លីត្រ និងថវិកាចំនួន ២លាន៥សែនរៀលដើម្បីបន្តការធ្វើអន្តរាគមន៍បូមទឹកដាក់ប្រឡាយមេសង្គ្រោះដំណាំស្រូវដែលកំពុងប្រឈមទៅនឹងសភាពរាំងស្ងួត ។