នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ ដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជីកសិកម្ម-ថ្នាំកសិកម្ម ដើម្បីលើកកម្ពស់គុណភាពជី ថ្នាំកសិកម្ម និងចូលរួមទប់ស្កាត់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្មខុសច្បាប់នៅលើទីផ្សារ។
វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីសំណាក់ឯកឧត្តម ឈឹម វុទ្ធា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ដែលមានសិក្ខាកាមចូលរួមសរុប៨១នាក់ ក្នុងនោះមានអាជីវករចំនួន៦៣នាក់ មន្រ្តីកសិកម្មឃុំចំនួន១៨នាក់។
នាឱកាសនោះដែរ ឯកឧត្តម ឡោ រស្មី បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួមឱ្យបានពេញលេញដើម្បីធានាថា ជី និងថ្នាំកសិកម្មដែលកំពុងធ្វើអាជីវកម្មនៅលើទីផ្សារមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាកសិករយើង និងការចំណាយថ្លៃដើមទាប ក៏ដូចជា ត្រូវទុកដាក់ជី-ថ្នាំកសិកម្ម សំបកវេចខ្ចប់ជី-ថ្នាំ បន្ទាប់ពីប្រើរួច ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ជៀសវាងផលប៉ះពាល់ដល់សុខភាព ធ្វើឱ្យខូចគុណភាពដី និងដំណាំ និងអនុវត្តលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពទាំងអាជីវករ និងកសិករ ប្រកបដោយភាតរភាពបរិស្ថាន។
ឯកឧត្តមបញ្ជាក់ថា សិក្ខាកាមត្រូវសហការជាមួយអង្គភាពជំនាញ និងមន្រ្តីកសិកម្មឃុំជួយណែនាំដល់ប្រជាកសិករ ក្នុងគោលដៅធានាគុណភាពផលិតផលកសិកម្មសម្រាប់នាំចេញ ដើម្បីឆ្លើយតបទៅតាមបរិមាណនៃប្រទេសនាំចូល។ ទន្ទឹមនឹងនេះ សិក្ខាកាមទាំងអស់ត្រូវចូលរួមវគ្គបណ្តុះបណ្តាលនេះឱ្យបានចប់តាមកម្មវិធីដែលបានគ្រោងទុក ដើម្បីទទួលបានវិញ្ញាបនបត្រប្រកបដោយសមធម៌ និងមនសិការវិជ្ជាជីវៈ៕