នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជា មួយដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួង ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណអភិបាលខេត្តកំពង់ធំ បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកំពង់ធំដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃផលិតកម្មចិញ្ចឹមជ្រូកសាច់ ផលិតកម្មគ្រាប់ស្វាយចន្ទី និងផលិតកម្មបន្លែ។ កម្មវិធីសម្រាប់ដំណើរបេសកកម្មនាថ្ងៃនេះមានដូចខាងក្រោម៖
កម្មវិធីទី១៖
អញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកសាច់ ខឹម ណុល ដែលមានទីតាំងនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។
លោក ខឹម សុវណ្ណារិទ្ធ ហៅ ខឹម ណុល (097 4028543 និង 012 905961) បានរៀបរាប់ថា ផលិតកម្មចិញ្ចឹមជ្រូកសាច់នេះបានចាប់ផ្ដើមនៅឆ្នាំ២០១៨ លើផ្ទៃដីចំនួន ៤ហត ដោយសហការជាមួយក្រុមហ៊ុន ស៊ីភីកម្ពុជា ដែលជាអ្នកផ្តល់ពូជ ចំណី ថ្នាំ និងបច្ចេកទេស និងចុះកិច្ចសន្យាប្រមូលទិញជ្រូករស់វិញ។ បច្ចុប្បន្នកសិដ្ឋានមានជ្រូកសាច់ចំនួន ៣៧៥០ក្បាល ចិញ្ចឹមក្នុងរោងចំនួន ៥រោង (រោងអ៊ីវេប) ដោយរោងនីមួយៗចិញ្ចឹមជ្រូកសាច់បាន ៧៥០ក្បាល។ អនុវត្តតាមបច្ចេកទេសបានត្រឹមត្រូវទាំងការផ្តល់ចំណី ការជ្រើសរើស និងបង្កាត់ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លង និងការធ្វើជីវសុវត្ថិភាពដែលតម្រូវដោយក្រុមហ៊ុនសហការ ធ្វើឲ្យកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់ ដោយក្នុង ១ឆ្នាំ កសិដ្ឋានចិញ្ចឹមបាន ២វគ្គ ដល់អាយុត្រូវចាប់ ក្នុង១ថ្ងៃ លក់ជ្រូកចេញ ៣០០ក្បាល រយ:១១ថ្ងៃជាប់គ្នា រហូតអស់សត្វពីរោង បន្ទាប់ធ្វើអនាម័យទ្រុង ទុកឲ្យរោងទំនេរមួយខែទើបដាក់កូនជ្រូកចូលចិញ្ចឹមវគ្គបន្ត។ ភរិយាលោក ខឹម ណុល បានឲ្យដឹងថា រោងចិញ្ចឹមមួយក្នុងមួយវគ្គអាចទទួលបានប្រាក់ចំណូល ១០ ០០០ដុល្លារ(រួមទាំងថ្លៃពលកម្ម ទឹក និងភ្លើង) ហើយអ្វីដែលម្ចាស់កសិដ្ឋានរូបនេះស្នើសុំទៅរាជរដ្ឋាភិបាលឲ្យជួយតាមរយ: ឯកឧត្តមរដ្ឋមន្ត្រីគឺបញ្ចុះថ្លៃភ្លើង។
ពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងក្នុងកសិដ្ឋាន និងផលដែលទទួលបាន នាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសាទរ និងបង្ហាញពីឆន្ទ:គាំទ្រ និងលើកទឹកចិត្តឲ្យលោក ខឹម ណុល បន្តខិតខំសហការជាមួយក្រុមហ៊ុនលើការងារចប្ចេកទេសចិញ្ចឹម ដើម្បីពង្រីកផលិតកម្មជ្រូកសាច់ដែលកំពុងមានសក្តានុពលនៅលើទីផ្សារ ចូលរួមផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ ឈានទៅកាត់បន្ថយចំនួននាំចូល។
នាយកប្រតិបត្តិផលិតកម្មជ្រូកសាច់ប្រចាំខេត្តកំពង់ធំតំណាងឲ្យក្រុមហ៊ុន ស៊ីភីកម្ពុជា បានឲ្យដឹងថា នៅខេត្តកំពង់ធំមាន ១៧កសិដ្ឋាន ស្នើនឹង ៥៥រោងចិញ្ចឹម ដែលបានចុះកិច្ចសន្យាសហការជាមួយក្រុមហ៊ុន ហើយចំនួននេះនឹងមានការកើនឡើង ឆ្លើយតបតាមតម្រូវការជ្រូកសាច់ក្នុងស្រុក និងសក្តានុពលអំណោយផលរបស់ខេត្ត។