ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី២០ របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា
ចេញផ្សាយ ០៦ ឧសភា ២០១៩
3124
នៅសណ្ឋាគារកាំបូឌីយ៉ាណា នារសៀលថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី២០ របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវអញ្ជើញមកពីក្រសួងពាក់ព័ន្ធ លោក បប់ ប្លុំ អនុប្រធានប្រតិបត្តិអង្គការហេហ្វឺប្រចាំនៅសហរដ្ឋអាមេរិក អង្គការដៃគូរអភិវឌ្ឍ វិស័យឯកជន សមាគម តំណាងសហគមន៍កសិកម្ម ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តគោលដៅទាំង ១៤ខេត្ត និងតំណាងកសិករដែលទទួលផលពីគម្រោងយ៉ាងច្រើនកុះករ។ ជាកិច្ចចាប់ផ្តើម លោកស្រីកែវ គៀង ប្រធានអង្គការហេហ្វឺប្រចាំកម្ពុជាបានមានមតិស្វាគមន៍ និងរាយការជូនអង្គពិធីជ្រាបអំពីសមិទ្ធផលដែលអង្គការសម្រេចបានក្នុងរយៈពេលកន្លងមក បញ្ហាប្រឈម សំណូមពរ និងផែនការសំខាន់ៗជាចាំបាច់ដែលអង្គការត្រូវអនុវត្តបន្តនាពេលអនាគតដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សមភាពយេនឌ័រ អាហារូបត្ថម្ភ និងថែរក្សាបរិស្ថានរួចមក លោកបណ្ឌិត Mahendra Lohani ប្រធានកម្មវិធីជាន់ខ្ពស់អង្គការហេហ្វឺអន្តរជាតិប្រចាំតំបន់អាស៊ី និងលោក Bob Bloom អនុប្រធានប្រតិបត្តិនៃអង្គការហេហ្វឺអន្តរជាតិប្រចាំសហរដ្ឋអាមេរិកបានក៏បានឡើងថ្លែងមតិស្វាគមន៍ និងចំណាប់អារម្មណ៍យ៉ាងមានអត្ថន័យផងដែរ។
ជាបឋម ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍ដ៏មានអត្ថន័យដែលអង្គការហេហ្វឺកម្ពុជាកំពុងប្រារព្ធនាពេលនេះ ជាពិសេសព្រឹត្តិការណ៍នេះនឹងនាំឱ្យយើងកាន់តែបង្កើនកិច្ចសហការដើម្បីរួមគ្នាបម្រើនិងការពារនូវឧត្តមប្រយោជន៍ជាតិ ចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យមានការរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជនក្នុងបរិបទបច្ចុប្បន្ននេះ។ ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ លោកបានថ្លែងអំណរគុណចំពោះគ្រប់បណ្តាអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ដែលកំពុងមានសកម្មភាពក្នុងសុឆន្ទៈជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាចាប់តាំងពីគ្រាក្រលំបាករហូតដល់បច្ចុប្បន្ន ក្នុងនោះអង្គការហេហ្វឺក៏បានចូលរួមបំពេញភារកិច្ចរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨៤ រហូតមកទល់បច្ចុប្បន្នក្នុងគោលដៅលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភតាមរយៈការផ្តល់សិទ្ធិអំណាចដល់ សហគមន៍ ជាពិសេសការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនរស់នៅតំបន់ជនបទដែលប្រកបមុខរបរកសិកម្មជាចម្បង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីថា ចក្ខុវិស័យនិងទិសដៅរបស់ក្រសួងសម្រាប់អភិវឌ្ឍវិស័យកសិកម្មគឺត្រូវធ្វើយ៉ាងណាចួលរួមប្រែក្លាយ “កសិកម្មកម្ពុជាឱ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា" ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជាឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះក្រសួងបានដាក់ចេញនូវយន្តការសំខាន់ៗសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មរួមមាន៖
១. ជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំតាមរយៈការធ្វើពិពិធកម្មដំណាំដែលមានសក្តានុពល និងបង្កើនការនាំចេញផលិតផលដំណាំកសិកម្ម ដោយពង្រីកទំនើបកម្មកសិកម្ម ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងទីផ្សារខ្ពស់ដោយអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ និងការបន្ស៉ាំទៅនឹងបម្រែបម្រួលអាកាសធាតុ។
២. ជំរុញកំណើនផលិតកម្មសត្វ ដោយត្រូវបង្កើនផលិតផលសាច់ និងការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្ម ព្រមទាំងជំរុញការចិញ្ចឹមគោពូជកូនកាត់ល្អៗ និងកំពុងមានទីផ្សារ។
៣. បង្កើនការគ្រប់គ្រងធនធានជលផលឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាព ដោយពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល រក្សាស្ថិរភាពនៃការចាប់ផលនេសាទពីធម្មជាតិក្នុងរង្វង់៦០០ពាន់តោនក្នុងមួយឆ្នាំ បង្កើនផលវារីវប្បកម្មឱ្យបាន២០%ក្នុងមួយឆ្នាំៗនឹងធ្វើឱ្យសហគមន៍នេសាទមានកម្រិតជីវភាពកាន់តែប្រសើរឡើង។
៤. បន្តគ្រប់គ្រងធនធានព្រៃឈើនិងសត្វព្រៃប្រកបដោយចីរភាព ចូលរួមជំរុញការថែរក្សាគម្របព្រៃឈើឱ្យបានល្អប្រសើរ ព្រមទាំងបង្កើនចំណូលរបស់សហគមន៍ព្រៃឈើឱ្យកើន២០%ក្នុងមួយឆ្នាំ តាមរយៈការធ្វើពិពិធកម្មកសិកម្ម និងជំរុញការស្តារព្រៃឈើឡើងវិញ ព្រមទាំងបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីចូលរួមចំណែកធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមានចីរភាព។
ក្នុងឱកាសនោះ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរដោយស្មោះសរ ជូនចំពោះឯកឧត្តម លោកជំទាវ ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងប្រទេសជាមិត្តទាំងអស់ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការកសាងសមិទ្ធផលនានាប្រកបដោយដោយផ្លៃផ្កា ជាពិសេសការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍសហគមន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រដែលសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ។ ក្រសួងរំពឹងយ៉ាងមុតមាំទៅលើស្មារតីមនុស្សធម៌ជាប្រពៃណីរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលជាដៃគូដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការរួមគ្នាកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងជំរុញការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី០៤ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលរៀបចំខ្លួនបានទាន់ពេលវេលា និងសមស្របដើម្បីទទួលបានផ្លែផ្កាពីយុគសម័យឌីជីថលឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។