នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។
នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ទាំងការគ្រប់គ្រងលិខិតស្នាម ទ្រពសម្បត្តិរដ្ឋ ធនធានមនុស្ស អង្គភាពថវិកា ការកសាងរចនាសម្ព័ន្ធ ការធ្វើផែនការសវនកម្មផ្ទៃក្នុង និងការធ្វើសវនកម្មផ្ទៃក្នុងតាមនីតិវិធីស្តង់ដា។
ទិសដៅការងារឆ្នាំ២០១៩ នាយកដ្ឋានសវនកម្មផ្ទៃក្នុងមានទិសដៅអនុវត្តមុខងារសវនកម្មឱ្យសមស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” និងពង្រឹងមុខងារសវនកម្មផ្ទៃក្នុងឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល ស័ក្តិសិទ្ធិភាព ក្នុងការធានាឱ្យមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងគ្រប់គ្រាន់ សង្គតិភាព និងបច្ចុប្បន្នភាព សម្រាប់ជួយថ្នាក់ដឹកនាំក្នុងការកាត់បន្ថយហានិភ័យ ពេលវេលា ថ្លៃដើម និងបង្កើនទិន្នផលប្រកបដោយគុណភាព។