នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស៖ នៅថ្ងៃចន្ទ ៤រោច ខែកក្តិក ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃសុក្រ ១៥រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក លី សុវុទ្ធី អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះធ្វើសវនកម្មផ្ទៃក្នុង តាមផែនការសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៨ ដោយធ្វើសវនកម្មទៅលើការិយបរិច្ឆេទឆ្នាំ២០១៧ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស។
សម្រាប់ព័ត៌មានបន្ថែម និងទាញយកឯកសារ៖
គេហទំព័រនាយកដ្ឋានសវនកម្មផ្ទៃក្នុង : http://maff.gov.kh/department/internal-audit
គោលបំណងសវនកម្មរួមគឺវាយតម្លៃ និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃដំណើរការគ្រប់គ្រងហានិភ័យ ដំណើរការត្រួតពិនិត្យ និងដំណើរការអភិបាលកិច្ច ក្នុងវិសាលភាពគ្របដណ្តប់សកម្មភាពគ្រប់គ្រង និងប្រតិបត្តិការទាំងឡាយ។ ជាទូទៅការងារសវនកម្មបានផ្តោតទៅលើការបញ្ជាក់ថាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងផ្តល់នូវការធានាសមហេតុផលមួយសំដៅសម្រេចបាននូវគោលបំណងដូចខាងក្រោម៖
- គោលបំណងប្រតិបតិ្តការ : ការសម្រេចបានប្រកបដោយប្រសិទ្ធភាពនៃគោលបំណងធុរកិច្ច
- គោលបំណងព័ត៌មាន : ភាពជឿទុកចិត្ត និងភាពពេញលេញ នៃព័ត៌មានផ្នែកហិរញ្ញវត្ថុ ដែលប្រើប្រាស់ដោយថ្នាក់ដឹកនាំ និង
- គោលបំណងអនុលោមភាព : អនុលោមជាមួយច្បាប់ បទប្បញ្ញត្តិ គោលការណ៍ នីតិវិធីជាធរមាន។
ហានិភ័យគន្លឹះអាចរាប់បញ្ចូលនូវ៖
- ហានិភ័យប្រតិបតិ្តការ : ជាហានិភ័យលើការបាត់បង់ ដែលជាលទ្ធផលបរាជ័យនៃដំណើរការមនុស្ស និងប្រព័ន្ធ ឬហេតុការណ៍ពីខាងក្រៅ
- ហានិភ័យហិរញ្ញវត្ថុ : ជាលទ្ធភាពដែលព័ត៌មានផ្នែកហិរញ្ញវត្ថុត្រូវបានរៀបចំឡើងមិនត្រឹមត្រូវ ធ្វើឲ្យការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំពុំសមស្រប និង
- ហានិភ័យអនុលោមភាព : ជាលទ្ធភាពដែលសកម្មភាពមិនអនុលោមតាមច្បាប់ និងបទប្បញ្ញតិ្ត។