ចេញពីខេត្តពោធិសាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ខេត្តបាត់ដំបង ស្រុកមោងឫស្សី ឃុំព្រៃស្វាយ ភូមិចាមរអា។ ពិនិត្យជារួម ស្ថានភាពនៃគ្រោះទឹកជំនន់នៅទីនេះមិនខុស ពីខេត្តពោធិសាត់ទេ គ្រាន់តែវិសាលភាពនៃទំហំផ្ទៃដីប៉ះពាល់បានគ្របដណ្តប់ដល់ទៅ ១៤ក្រុង-ស្រុក និងប៉ះពាល់ដល់ដំណាំស្រូវរហូតដល់ទៅ ៨២ ៤៧៦ហ.ត អាចមានផ្ទៃដីខូចខាត មិនទាន់បានបូកសរុបនៅឡើយ។ ដោយឡែក ដំណាំសាវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្ម មានផ្ទៃដីប៉ះពាល់សរុបចំនួន ៤៩ ៦១៦ ហ.ត និងផ្ទៃដីខូចខាតចំនួន ២៦ ៩០៧ហ.ត។ ជារួមស្ថានភាពទឹកជំនន់បាននិងកំពុងស្រកចុះជាបណ្តើរៗវិលត្រឡប់ទៅរកភាពប្រក្រតីវីញ។
ចំពោះផ្ទៃដីខូចខាត ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយនាយកដ្ឋានដំណាំស្រូវ រៀបចំចុះស្រង់ស្ថិតិ ពិនិត្យ វាយតម្លៃ និងលើកសំណើអន្តរាគមន៍ស្រូវពូជជាបន្ទាន់ ដើម្បីយកមកចែកជូនប្រជាកសិករបន្ទាប់ពីទឹកស្រកចុះ ហើយករណីនេះមិនចំពោះតែខេត្តពោធិសាត់ និងខេត្តបាត់ដំបងទេ សារនេះបានផ្ញើជូនខេត្តទាំងអស់ដែលទទួលរងនូវផលប៉ះពាល់គ្រោះទឹកជំនន់នេះ។ ចំពោះអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យធ្វើបច្ចុប្បន្នភាពសន្និធិស្រូវពូជនៅទូទាំងប្រទេស ដើម្បីកំណត់បាននូវលទ្ធភាពនៃការផ្គត់ផ្គង់ស្រូវពូជបន្ទាប់ពីទឹកស្រកចុះ។