នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Ehsan Kabir មន្ដ្រីជំនាញផ្នែកទំនាក់ទំនង នៃអង្គការ FAO និងក្រុមការងារពាក់ព័ន្ធ ជួបពិភាក្សាការងារ ដើម្បីពិនិត្យលទ្ធភាពសហការលើកិច្ចការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ។
ជំនួបនេះរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម ផ្ដោតលើចំនុចសំខាន់ដូចជា៖ ការរៀបចំផលិតផតខាស់ ដើម្បីលើកកម្ពស់ការយល់ដឹងលើវិស័យកសិកម្មរបស់កម្ពុជា ការផ្សព្វផ្សាយអភិក្រមសុខភាពតែមួយជូនដល់សាធារណជនតាមរយៈអ្នកសារព័ត៌មាន និងការរៀបចំសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មានអំពីការគ្រប់គ្រងជលផលសមុទ្រប្រកបដោយនិរន្តរភាព។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ បានណែនាំដល់មន្ដ្រីជំនាញនៃអង្គការ FAO ឱ្យរៀបចំកំណត់ប្រធានបទជាក់លាក់ក្នុងការអនុវត្តគម្រោងផលិតផតខាស់ ដែលជាការងារអាទិភាព។
ក្រៅពីនោះ លោកជំទាវបានផ្ដល់យោបល់មួយចំនួនទៅកាន់ក្រុមការងារនៃអង្គការ FAO ដើម្បីយកទៅពិនិត្យពិភាក្សា និងកែសម្រួលឯកសារទស្សនទាន នៃការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយអភិក្រមសុខភាពតែមួយជូនដល់សាធារណជន ក៏ដូចជាសិក្ខាសាលាផ្សព្វផ្សាយគម្រោងបច្ចេកទេសកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលគ្រោងរៀបចំនៅក្នុងអំឡុងខែកញ្ញា និងខែតុលា ឆ្នាំ២០២៤ខាងមុខ។
លោកជំទាវ អ៊ឹម រចនា ព្រមទាំងតំណាងអង្គការ FAO នឹងត្រឡប់មកជួបគ្នាជាថ្មី ដើម្បីពិភាក្សាលម្អិតលើគម្រោងនីមួយៗ មុនពេលចាប់ផ្ដើមអនុវត្តការងាររួមគ្នាជាផ្លូវការ ដើម្បីបង្កើនចំណេះដឹងរបស់អ្នកសារព័ត៌មានអំពីវិស័យកសិកម្ម និងសុខភាពចំណីអាហារ ក្នុងគោលដៅបញ្ជូនសារត្រឹមត្រូវ និងផ្ដល់ប្រយោជន៍ទៅកាន់សាធារណជន៕