ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រួមដំណើរដោយឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត និងសហការីបានចុះពិនិត្យទីកន្លែងដាំដុះដោយផ្ទាល់ និងបានធ្វើការសំណេះសំណាលជាមួយប្រជាសហគមន៍
ចេញផ្សាយ ២៨ ឧសភា ២០១៩
2746
ដើម្បីផ្សាភ្ជាប់នឹងជំនួបកាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅនេះ ដោយតំណាងក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd លោកសាស្ត្រចារ្យវិទ្យាសាស្ត្រស្រូវ Huang Ming An បានជួបឯកឧរដ្ឋមន្តី្រនៅទីស្តីការក្រសួងដើម្បីធ្វើការរាយការណ៍អំពីវឌ្ឍនភាពនៃការសាកល្បងដាំដុះពូជស្រូវកណ្តុល Japonica ដែលក្រុមហ៊ុនកំពុងសម្រេចបាននៅក្នុងទឹកដីខេត្តកំពង់ធំ ព្រឹកនេះឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរដោយឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត និងសហការីបានចុះពិនិត្យទីកន្លែងដាំដុះដោយផ្ទាល់ និងបានធ្វើការសំណេះសំណាលជាមួយប្រជាសហគមន៍ដែលកំពុងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន។
ដោយក្តីសប្បាយរីករាយ តំណាងប្រជាសហគមន៍កំពង់គរបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបានចុះកិច្ចសន្យាផលិតកម្មជាមួយសហគមន៍របស់ពួកគាត់ និងសមាគមស្រូវប្រាំងកម្ពុជាក្នុងការសាកល្បងផលិតពូជស្រូវប្រភេទនេះលើផ្ទៃដីចំនួន ០៨ហត ដោយក្នុង ០១ហត ទទួលបានផល ៦,៥តោន ហើយចំពោះតម្លៃវិញគឺទទួលបាន ១០០០រៀល ក្នុង០១គីឡូផងដែរ។ លោកក៏បានបញ្ជាក់ផងដែរថា ពូជស្រូវដែលក្រុមហ៊ុនប្រគល់ជូនគឺមានភាពលូតលាស់ល្អប្រសើរ ទិន្នផលខ្ពស់ ធននឹងអាកាសធាតុ និងជំងឺ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីសារទរចំពោះក្តីសប្បាយរីករាយ កិច្ចសហការ និងវឌ្ឍនភាពដែលក្រុមហ៊ុន សហគមន៍ និងសមាគមសម្រេចបាន ហើយលោកក៏បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសលើការងារស្រាវជ្រាវ ផលិត និងផ្សព្វផ្សាយពូជសុទ្ធប្រភេទនេះជូនប្រជាកសិករ ដើម្បីធានាដល់គុណភាព ផលិតភាព និងទីផ្សារ និងធ្វើយ៉ាងណាជួយក្រុមហ៊ុន សហគមន៍ និងសមាគមសម្រេចឲ្យបាននូវផែនការពង្រីកការដាំដុះរហូតដល់ ៣០០ហត។