កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានព្រមទាំងកិច្ចប្រជុំផ្សេងទៀតរយៈពេល៤ថ្ងៃគឺពីថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ នៅសាធារណរដ្ឋមីយ៉ាន់ម៉ា។
តាមកម្មវិធីការងារដែលបានគ្រោងទុក ឯកឧត្ដម អ៊ុក រ៉ាប៊ុន នឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៤ AMAF Plus Three កិច្ចប្រជុំទ្វេភាគី AMAF Leader វៀតណាម កិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូសាធារណរដ្ឋប្រជាមានិតចិន និងចុះហត្ថលេខានៅលើពិធីសារស្តីពីការនាំចេញពោតរបស់កម្ពុជាទៅប្រទេសចិន ចូលរួមកិច្ចប្រជុំលើកទី៤អាស៊ានចិន និងអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀងនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអនាម័យ និងភូតគាមអនាម័យSPS អាស៊ានចិន ព្រមទាំងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំអមមួយចំនួន និងអញ្ជើញបំពេញទស្សនកិច្ចតាមកម្មវិធីដែលភាគីសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាបានអញ្ជើញចូលរួមជាក់ស្តែង។ រួមដំណើរជាមួយឯកឧត្ដមរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន រួមមានឯកឧត្ដម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម លី ផល្លា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកកៅស៊ូ ឯកឧត្ដម សូខនឫទ្ធីគុណប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងឯកឧត្ដម ឆេង គឹមស៊ុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ។
អញ្ជើញជូនដំណើរគណៈប្រតិភូទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាឱកាសនោះរួមមាន ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ និងមន្ត្រីរាជការ អ្នកមុខអ្នកការក្រសួងកសិកម្មជាច្រើនរូបទៀត៕