នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) អមដោយឯកឧត្តម អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ និងមន្ត្រីលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (គ.វ.វ.ក) បានចូលរួមកិច្ចប្រជុំកិច្ចប្រជុំ គ.ជ.អ.ប លើកទី២៣ នាទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ រៀបចំធ្វើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ជ.អ.ប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ចំនួន៤ រួមមាន៖
១-ការពិនិត្យនិងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប លើកទី២២
២-សេចក្ដីរាយការណ៍អំពីវឌ្ឍនភាពប្រចាំឆមាសទី១ នៃផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៤ របស់ គ.ជ.អ.ប និងទិសដៅការងារសម្រាប់ឆមាសទី២
៣-ការពិនិត្យនិងអនុម័តលើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រស្ដីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
៤-បញ្ហាផ្សេងៗ
-សេចក្ដីរាយការណ៍អំពីស្ថានភាពនៃការអនុវត្តមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ
-សេចក្ដីរាយការណ៍អំពីការសិក្សានិងការកំណត់ធនធានហិរញ្ញវត្ថុផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់អនុវត្តមុខងារដែលបានផ្ទេរ
-សេចក្ដីរាយការណ៍អំពីទស្សនកិច្ចសិក្សានៃគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃនិង គ.ជ.អ.ប នៅសហព័ន្ធស្វីសនិងសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់៕