កម្មវិធីទី២៖
ចេញពីស្រុកថ្ពង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពសត្វចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment, HWT) របស់ក្រុម ហ៊ុន បឹងកេត ហ្រ្វេសហ្រ្វូត ឯ.ក នៅតាមបណ្តោយផ្លូវជាតិលេខ ៤ គីឡូម៉ែត្រលេខ ៨២ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ បច្ចុប្បន្ន ក្រុមហ៊ុនបានតម្លើងប្រព័ន្ធខ្សែច្រវាក់ជ្រើសរើស សំរិតសំរាំងគុណភាពផ្លែស្វាយ ទំហំតូចធំ និងសម្លាប់សមាសភាពសត្វចង្រៃដោយប្រើ HWT ដើម្បីឲ្យត្រូវតាមស្តង់ដារទីផ្សារ។ ដំណើរការសាងសង់រោងចក្រសម្រេចបានជាង ៨០% ប៉ុន្តែជាបឋមដើម្បី ឲ្យទាន់រដូវប្រមូលផលស្វាយ រោងចក្របានដាក់ឲ្យដំណើរការបណ្តោះអាសន្នសិន ដោយធ្វើការប្រមូលទិញផលិតផលស្វាយពីប្រជាកសិករដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។ បន្ទាបពី់រោងចក្រសាងសង់រួច វាមានលទ្ធភាពសំរិតសំរាំងគុណភាព និងទំហំផ្លែស្វាយបានចំនួន ១៥០- ២០០ តោន/ថ្ងៃ។ ទោះជាយ៉ាងណា ក្រុមហ៊ុនកំពុងញាប់ដៃ ញាប់ជើងធ្វើយ៉ាងណាឲ្យដំណើរការសាងសង់រោងចក្រសម្រេចឲ្យទាន់តាមផែនការ មុនក្រុមបច្ចេកទេសអញ្ជើញមកពីអគ្គនាយកដ្ឋានគយចិនចុះមកពិនិត្យ និងវាយតម្លៃចុងក្រោយក្នុងពេលឆាប់ៗខាងមុខ។
ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យទិដ្ឋភាពជារួមឃើញថា ក្រុមហ៊ុនបានត្រៀមលក្ខណសម្បត្តិរួចរាល់ ហើយក្នុងការនាំចេញផ្លែស្វាយកែវរមៀតទៅកាន់ទីផ្សារចិន នៅតែការងារបន្ទាប់បន្សំមួយចំនួនតូច ដែលក្រុមហ៊ុនត្រូវប្រញាប់រួតរះបញ្ចប់ការងារឲ្យហើយ មុនក្រុមជំនាញបច្ចេកទេសមកពីអគ្គនាយកដ្ឋានគយចិនចុះមកវាយតម្លៃចុងក្រោយ។