ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Takeshi Ueda ប្រធានក្រុមការងារគម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការីចូលជួបសម្តែងការគួរសម
ចេញផ្សាយ ២២ កុម្ភៈ ២០១៩
2930
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Takeshi Ueda ប្រធានក្រុមការងារគម្រោងនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការរៀបចំជំនួយបច្ចេកទេសសម្រាប់កសាងគម្រោងស្តីពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម។
មានមតិស្វាគមន៍ តាមរយៈលោក Takeshi Ueda ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារអភិវឌ្ឍន៍អាស៊ីដែលបានបន្តគិតគូ យកចិត្តទុកទាក់ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដូចជាជំនួបនាថ្ងៃនេះ ដោយក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ីសហការជាមួយមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរួមគ្នារៀបចំកសាងគម្រោងនេះឡើង ដែលផ្តោតជាសំខាន់ក្នុងការបំពេញខ្សែច្រវាក់តម្លៃផលិតកម្ម និងកសិផលដោយចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម កាត់បន្ថយឈ្មួញកណ្តាល ពង្រីកនិងពង្រឹងវិស័យកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សាទុកដាក់ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាគុណភាព សុវត្តិភាព អនាម័យ និងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយការនាំចេញវត្ថុធាតុដើម ក្នុងនោះមានវត្ថុធាតុដើមដូចជា ដំឡូង ស្រូវ ស្វាយ ស្វាយចន្ទី។ល។
នាឱកាសនេះ លោក Takeshi Ueda បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីដោយសង្ខេបអំពីគម្រោងខាងលើថា គម្រោងនឹងគ្របដណ្តប់លើខេត្តគោលដៅចំនួន ៦ មានខេត្តត្បូងឃ្មុំ ព្រះវិហា កំពង់ចាម កំពង់ធំ សៀមរាប និង ខេត្តឧត្តមានជ័យ ដោយមានទឹកប្រាក់សរុបជាង ៧៦លានដុល្លារអាមេរិច ដែលជាចំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឋន៍អាស៊ី និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។ លទ្ធផលរំពឹងទុករបស់គម្រោងគឺ ១. ជំនួយការងារបច្ចេកទេសក្រោយពេលប្រមូលផល និងដឹកជញ្ជូន ២. ការកសាងរចនាសម័្ពន្ធគាំទ្រដល់ការបំពេញខ្សែច្រវាក់តម្លៃដូជាការកសាងមន្ទីរពិសោធន៍ អនាម័យ និងភូតភាមអនាម័យ និងការផលិតពូជ ៣.ការកសាងផ្លូវនៅតាមជនបទដើម្បីបង្កលក្ខណងាយស្រួលដល់ការដឹកជញ្ជូនកសិផល និង ៤.ការកសាងសមត្ថភាព និងការផ្សាភ្ជាប់រវាងគ្រប់ភាគីពាក់ព័ន្ធ៘ គម្រោងនេះក៏បានផ្តល់អាទិភាពទៅលើដំណាំកសិឧស្សាហកម្មមានដូចជាស្វាយចន្ទី ដំឡូងមី ស្វាយ បន្លែ និងផលិតកម្មមាន់។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការគាំទ្រ និងពេញចិត្តចំពោះគម្រោងនេះ ហើយសន្យាថានឹងផ្តល់កិច្ចសហការ ឲ្យបានល្អប្រសើរដើម្បីឲ្យគម្រោងសម្រេចទទួលបានលទ្ធផលល្អប្រសើរនាពេលអនាគត។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទាញអារម្មណ៍ ADB ឲ្យជួយគិតគូបញ្ចូលដំណាំពោតក្នុងផែនការគម្រោង ដោយដំណាំនេះកំពុងតែមានសក្កានុពលទាំងទីផ្សារក្នុងស្រុក និងបរទេស។ ក្រៅពីនេះ លោកបានស្នើឲ្យ ADB ជួយលើកកម្ពស់ការកសាងសមត្ថភាពរបស់កសិករ សហគមន៍ និងវិស័យឯកជន ដោយផ្តោតលើការកសាងភាពជាដៃគូរវាងអ្នកផលិតនិងអ្នកកែច្នៃដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការធ្វើទំនើបកម្មកសិកម្ម។ ដោយឡែកវិស័យផលិតកម្មគោ ជាពិសេសការប្តូរពូជសត្វគោដែលកំពុងមានទីផ្សារខ្ពស់ ក៏គួរពិនិត្យលទ្ធភាពក្នុងការជួយគាំទ្រផងដែរ ព្រោះផលិតកម្មគោគឺជាប្រភពចំណូលដ៏ធំមួយ ហើយដែលបានជួយកែប្រែកម្រិតជីវភាពរបស់កសិករយ៉ាងល្អប្រសើរ។