ចេញពីកសិដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយលោក ចៅ សួស្តី បានបន្តដំណើរមកពិនិត្យរោងសិប្បកម្មកែច្នៃផលត្រីស្រស់របស់កសិដ្ឋាន ដែលមានទីតាំងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក ចៅ សួស្តី បានឲ្យដឹងថាការកែច្នៃត្រីទីឡាព្យារបស់ Cambodia Fresh Farm នេះគឺស្ថិតនៅក្នុងដំណាក់កាលសាកល្បង ប៉ុន្តែសិប្បកម្មនេះនឹងពង្រីកផលិតកម្មកែច្នៃជាបន្ត បន្ទាប់ ធ្វើយ៉ាងណាឆ្លើយតបឲ្យបានតាមតម្រូវការទីផ្សារ។ បច្ចុប្បន្ន សិប្បកម្មកែច្នៃនេះ ទទួលបានបច្ចេកទេសកែច្នៃផលត្រីទីឡាព្យាផ្ទាល់ពីអ្នកជំនាញជនជាតិជប៉ុន និងសម្ភារកែច្នៃផលត្រីពីក្រុមហ៊ុន SARAYA នៃប្រទេសជប៉ុន។ លោកបន្ថែមថា អនុវត្តតាមបច្ចេកទេសជប៉ុន ត្រី ១ក្បាលអាចកែច្នៃបាន ១៤ប្រភេទមុខទំនិញ រួមទាំងស្រការត្រីក៏យកទៅកែច្នៃជាគ្រឿងសម្អាង ប្រមាត់ត្រី ស្បែកត្រី និងឆ្អឹង សូម្បីទឹកលាងសម្អាតត្រីក៏យកទៅធ្វើជីផងដែរ។ ដោយអនុវត្តតាមស្តង់ដារបច្ចេកទេសចិញ្ចឹមបានត្រឹមត្រូវល្អ ធ្វើឲ្យទីផ្សារជប៉ុនស្វាគមន៍ផលិតផលកែច្នៃត្រីចេញពីកសិដ្ឋាននេះ ជាក់ស្តែងការបញ្ជាទិញមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គ្រាន់តែ ៥ខែដើមឆ្នាំ២០២១ នេះ កសិដ្ឋានលក់សាច់ត្រីកែច្នៃស្រស់បាន ៧តោន។ ដោយតម្រូវការមានការកើនឡើងទាំងទីផ្សារក្នុងស្រុក (ផ្សារទំនើប AEON-1, AEON-2 ផ្សារ Markro ផ្សារទំនើបនានាក្នុងស្រុក និងភោជនីដ្ឋានជាច្រើនទៀត) កសិដ្ឋាននឹងពង្រីកដើមទុនវិនិយោគក្នុងចំនួនទឹកប្រាក់ ១០លានដុល្លារ ដើម្បីពង្រីកសិប្បកម្មកែច្នៃ ដែលមានសមត្ថភាពអាចបង្កើនបរិមាណត្រីកែច្នៃសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។
ទាក់ទងនឹងខ្សែច្រវាក់ផលិតកម្មកែច្នៃ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសុទិដ្ឋិថានឹងអាចទទួល បានជោគជ័យដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:ស្ថានទូត និងអង្គការ JICA និងជាពិសេសទីផ្សារប្រទេសជប៉ុន។ គម្រោងចុះទុនវិនិយោគបន្ថែម ១០លានដុល្លារសម្រាប់ពង្រីកខ្សែច្រវាក់ផលិតកម្មកែច្នៃ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថានាពេលអនាគតដ៏ខ្លី វិស័យវារីវប្បកម្ម (ការចិញ្ចឹមត្រីនិយាយជារួម និងជាពិសេសការចិញ្ចឹមត្រីទីឡាព្យានិយាយ ដោយឡែក) នឹងមានការរីកចម្រើនតាមរយ:ការចងក្រងបណ្តុំផលិត ការអនុវត្តបច្ចេកទេសចិញ្ចឹមស្របតាមស្តង់ដារទីផ្សារតម្រូវ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថាម្ហូបជប៉ុន (សាច់ត្រីស្រស់) បានផលិតនៅកម្ពុជា នេះជាជំហានចាប់ផ្តើមថ្មីមួយប្រកបទៅដោយការជឿជាក់ និងកិច្ចសហការ គាំទ្រពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសស្ថានទូតជប៉ុន និងអង្គការ JICA សង្ឃឹមថានាពេលអនាគតខ្សែច្រវាក់ផលិតកម្មចិញ្ចឹម និងផលិតកម្មកែច្នៃ នឹងមានការរីកចម្រើនទ្វេឡើងឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក ហើយឈានទៅធ្វើការនាំចេញ។
លោក ចៅ សួស្តី បានបង្ហាញពីមោទកភាពក្នុងនាមជាកូនខ្មែរ ផលិតផលិតផលខ្មែរសម្រាប់ទីផ្សារជប៉ុន និងបានផ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី រដ្ឋបាលជលផល
មជ្ឈមមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប (ខេត្តព្រៃវែង) និងមន្រ្តីជំនាញពាក់ព័ន្ធ ទាំងអស់ដែលបានយកអស់កំលាំងកាយចិត្ត គាំទ្រ សហការគ្រប់បែបយ៉ាង ធ្វើឲ្យកសិដ្ឋាន ក៏ដូចជាសិប្បកម្មកែច្នៃបានទទួលជោគជ័យនាពេលនេះ។ លោករីករាយនឹងសហការ ចែករំលែកបទពិសោធន៍ បច្ចេកទេសចិញ្ចឹម និងការកែច្នៃជាមួយប្រជាកសិករពីគ្រប់មជ្ឈដ្ឋាន ឬចង់សហការផ្គត់ផ្គង់ត្រី សូមអញ្ជើញទាក់ទងមកលេខ ០៧៧ ៤៦៧ ៨៩០។