មូលដ្ឋានទិន្នន័យនេសាទសមុទ្រដោយ MaFReDI

រដ្ឋបាលជលផលបានបោះពុម្ពផ្សាយស្ថិតិជលផលប្រចាំឆ្នាំ តាមយៈការប្រមូលរបាយការណ៍ជលផលតាមខេត្ត ដែលប្រើវិធីសាស្រ្តមិនមានស្តង់ដាររួម និងមិនតាមបែបវិទ្យាសាស្ត្រ ដោយផ្អែកលើព័ត៌មាន ដែលទទួលបានពីអ្នកផ្តល់ព័ត៌មាន។ ស្ថិតិជលផលនេះក៏មិនបានបញ្ចូលគ្រប់ប្រភេទនិងព័ត៌មានអំពីសមត្ថភាពធ្វើនេសាទមិនមាន លក្ខណៈលម្អិតគ្រប់គ្រាន់ ដើម្បីធ្វើការវាយតម្លៃស្ថានភាពនិងនិន្នាការនៃនេសាទសមុទ្រសម្រាប់ការកសាងគោលនយោបាយនិងផែនការ ហើយមិនមានលក្ខណៈលម្អិតសម្រាប់ការវាយតម្លៃអន្តរាគមន៍គ្រប់គ្រងបច្ចុប្បន្ននិងពេលអនាគត។ ដើម្បីអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផលក្នុងការប្រមូលព័ត៌មាននិងទិន្នន័យ ដែលលម្អិតនិងគួរឱ្យទុកចិត្តបាន ដែលចាំបាច់សម្រាប់ជាព័ត៌មានដល់ការគ្រប់គ្រងនិងគោលនយោបាយជលផល វិធីសាស្រ្តស្ទង់មតិវាយតម្លៃផលនេសាទផ្អែកលើសំណាកគម្រូ (FCMAS) ត្រូវបានបង្កើតឡើង ដោយផ្អែកលើការពិភាក្សារវាងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលសមុទ្រ (MaFReDI) និងកម្មវិធី FAO CAPFISH-Capture រួមនឹងធាតុចូលរបស់ខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ។ ការអង្កេតផលនេសាទនេះអនុវត្តតាមវិធីសាស្រ្តអង្កេតផលនេសាទស្ដង់ដារ ដោយជ្រើសរើសយកកន្លែងឡើងផលនេសាទសមុទ្រទុកមុន ជាសំណាកគម្រូសម្រាប់កត់ត្រាអំពីផលនេសាទ កម្លាំងធ្វើនេសាទនិងតម្លៃផលនេសាទនៅទីតាំងលក់ដំបូង ក៏ដូចជាតម្លៃចំណាយប្រតិបត្តិការនេសាទ។ សៀវភៅណែនាំអំពីការអង្កេតផលនេសាទសមុទ្រត្រូវបានរៀបចំចងក្រងឡើង ដើម្បីពិពណ៌នាអំពីវិធីសាស្ដ្រនៃការអង្កេតផលនេសាទសមុទ្រជាប្រចាំនៅក្នុងប្រទេសកម្ពុជា សម្រាប់ការអនុវត្ដការប្រមូលទិន្នន័យនៅឆ្នាំ២០២១ ហើយសៀវភៅណែនាំនេះក៏ត្រូវបានកែសម្រួលក្នុងកំឡុងឆ្នាំ២០២២ ដោយផ្អែកលើបទពិសោធន៍អនុវត្ដក្នុងកំឡុងឆ្នាំ២០២១។ ការប្រមូលទិន្នន័យគ្របដណ្តប់លើទីតាំងឡើងផលនេសាទចំនួន ៨កន្លែង នៅក្នុងខេត្តជាប់មាត់សមុទ្រទាំង៤ និងប្រមូលទិន្នន័យការឡើងផលនេសាទ (យ៉ាងហោចណាស់) ចំនួន ២២៤ រៀងរាល់ខែ ដោយប្រើការស្ទង់មតិបែបរំលឹកឡើងវិញ។ ការកត់ត្រាទិន្នន័យត្រូវបានធ្វើតាមបែបឌីជីថល ដោយប្រើថេប្លេត ដែលមានទម្រង់ស្ទង់មតិដំណើរការដោយកម្មវិធី Kobo។ វិធីសាស្រ្តនិងដំណើរការអនុវត្ដត្រូវបានត្រួតពិនិត្យឡើងវិញជាប្រចាំ រួមទាំងការកែតម្រូវដំណើរការប៉ាន់ប្រមាណសម្រាប់ការបង្កើត និងបោះពុម្ភផ្សាយរបាយការណ៍ប្រចាំខែ និងប្រចាំឆ្នាំនៅគេហទំព័ររបស់រដ្ឋបាលជលផល។ រដ្ឋបាលជលផលក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្មវិធី FAO CAPFISH កំពុងស្ថិតក្នុងដំណាក់កាល ការប្រមូលទិន្នន័យដល់មន្ដ្រីខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ ដើម្បីធ្វើឱ្យការប្រមូលទិន្នន័យកាន់តែមានប្រសិទ្ធភាព ដោយមន្ដ្រី MaFReDI ជាអ្នកផ្ដល់ជំនួយបច្ចេកទេស។ ការពិភាក្សានៅរដ្ឋបាលជលផលកំពុងប្រព្រឹត្ដទៅ ដើម្បីពិនិត្យមើលនិងផ្ទៀងផ្ទាត់លទ្ធផលពីការស្ទង់មតិផ្អែកលើសំណាកគម្រូអនុវត្ដដោយ MaFReDI ជាមួយនឹងទិន្នន័យស្ថិតិផ្លូវការ ដែលបានរាយការណ៍ដោយខេត្ដនៅតំបន់ឆ្នេរ និងធ្វើការកែសម្រួលវិធីសាស្រ្ត ដែលប្រើប្រាស់ដោយមន្ដ្រីខណ្ឌរដ្ឋបាលជលផល ដើម្បីប្រមូលទិន្នន័យផលនេសាទ ដើម្បីធានាថាមេរៀន ដែលបានរៀនសូត្រពីការអង្កេតផលនេសាទដោយ MaFReDI បានត្រូវផ្ទេរទៅ មន្ដ្រីជលផលនៅថ្នាក់ខេត្ដ។ តម្រូវអោយមានទិន្នន័យនិងព័ត៌មានបន្ថែម ដើម្បីអាចអោយគេយល់ច្បាស់អំពីស្ថានភាពនិងនិន្នាការជលផលសមុទ្រ ដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍគោលនយោបាយ ផែនការ និងវាយតម្លៃអន្តរាគមន៍គ្រប់គ្រង ជាពិសេសដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្ត ការអភិរក្ស និងតំបន់អភិរក្ស ព្រមទាំងការរឹតបន្តឹងឧបករណ៍និងកម្លាំងធ្វើនេសាទ។ ដោយមានការគាំទ្រពីកម្មវិធី FAO CAPFISH បច្ចុប្បន្ន តម្រូវការទាំងនេះកំពុងត្រូវបានពិចារណាសម្រាប់ដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រស្រាវជ្រាវ ប្រមូលទិន្នន័យ និងយុទ្ធសាស្ត្រជាតិ សម្រាប់ការប្រមូលទិន្នន័យជលផលនិងវារីវប្បកម្ម ដែល FCMAS ជាផ្នែកតូចមួយក្នុងយុទ្ធសាស្ដ្រទាំងនេះ។ សំណុំទិន្នន័យស្ទង់មតិវាយតម្លៃអង្កេតផលនេសាទអនុញ្ញាតឱ្យបង្កើតតារាង និងក្រាហ្វតាមឆ្នាំនិងខែ ដោយផ្អែកលើសំណុំទិន្នន័យ ដែលប្រមូលបាន រួមបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំខែនិងប្រចាំឆ្នាំ ព្រមទាំងស៊េរីពេលវេលា ហើយត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ជាមួយនឹងទិន្នន័យថ្មីៗបំផុត។