ទិន្នន័យសហគមន៍នេសាទ

តាមប្រវត្ដិ កន្លែងនេសាទភាគច្រើននៃប្រទេសកម្ពុជាគឺជាអតីត "ឡូតិ៍នេសាទ" ជាតំបន់ ដែលត្រូវបានដេញថ្លៃទៅឱ្យវិស័យឯកជន។ ដោយសារតែភាពតានតឹងខ្លាំងរវាងប្រតិបត្តិករឡូត៍នេសាទ និងអ្នកនេសាទក្រីក្រ នាំអោយការកំណែទម្រង់ការគ្រប់គ្រងជលផល ដែលបានចាប់ផ្តើមនៅឆ្នាំ២០០០។ ក្នុងដំណើរការកែទម្រង់នោះ ឡូតិ៍នេសាទខ្លះត្រូវកាត់និងផ្តល់ជូនសហគមន៍មូលដ្ឋាន រួមនឹងការផ្ដល់អំណាចនិងការទទួលខុសត្រូវមួយចំនួនក្នុងការគ្រប់គ្រងកន្លែងនេសាទនោះ។ ក្នុងរយៈពេលពីរទស្សវត្សរ៍មកនេះ ប្រទេសកម្ពុជាបានចាប់ផ្ដើមការផ្លាស់ប្តូរអភិបាលកិច្ចជលផលពីការគ្រប់គ្រងដោយរដ្ឋ ទៅជាសហគ្រប់គ្រងជាមួយសហគមន៍។ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ សហគមន៍មូលដ្ឋានចំនួន ៥១៦ ត្រូវបានបង្កើត និងចុះបញ្ជីជាសហគមន៍នេសាទ (CFi) ហើយត្រូវបានទទួលភារកិច្ចយ៉ាងច្រើនដោយមានអាណត្តិជាក់លាក់ ដើម្បីរួមគ្នាគ្រប់គ្រងធនធានជលផលសំខាន់ៗ រួមទាំងកន្លែងអភិរក្សផងដែរ។ ការគ្រប់គ្រងសហគមន៍នេសាទ គឺដើម្បីធានាបានថាធនធានជលផលនៅមូលដ្ឋានត្រូវបានគ្រប់គ្រងសម្រាប់ការដកហូតផលនេសាទប្រកបដោយនិរន្តរភាព។ ការបង្កើតកន្លែងសហគមន៍នេសាទគឺជាសកម្មភាពសំខាន់មួយដើម្បីលើកកម្ពស់ការបង្កើតវិធីសាស្រ្តសហគ្រប់គ្រងជលផល។ រដ្ឋបាលជលផលបានបង្កើតសហគមន៍នេសាទចំនួន ៤៧៥ នៅតំបន់ទឹកសាប និងសហគមន៍នេសាទចំនួន ៤១ នៅតំបន់ឆ្នេរ ដែលសហគមន៍ភាគច្រើនបានចុះបញ្ជីជាផ្លូវការ។ ការអភិវឌ្ឍនិងអនុវត្តផែនការគ្រប់គ្រងកន្លែងសហគមន៍នេសាទ (CFiAMPs) អោយកាន់តែល្អប្រសើរ ជាឧបករណ៍សំខាន់បម្រើអោយការគ្រប់គ្រងធនធានជលផលនៅថ្នាក់មូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០២១ ក្រោមជំនួយផ្នែកហិរញ្ញវត្ថុមូលនិធិខ្នាតតូច រដ្ឋបាលជលផលនិងខណ្ឌរដ្ឋបាលជលផល ដោយមានការគាំទ្របច្ចេកទេសដោយ FAO CAPFISH រួមនឹងអង្គការក្រៅរដ្ឋាភិបាល បានអនុវត្ដសកម្មភាពគាំទ្រផ្នែកបច្ចេកទេសដល់សហគមន៍នេសាទ លើការបោះឆ្នោតឡើងវិញ ការគ្រប់គ្រង ការអនុវត្ត និងគណនេយ្យ។ រដ្ឋបាលជលផលបានអនុវត្ដការប្រមូលទិន្នន័យអំពីទិដ្ឋភាពនៃសហគមន៍នេសាទ សមាជិកភាព ធនធានជលផល និងការដកហូតផល នេសាទ សកម្មភាពគ្រប់គ្រង ប្រភពថវិកា។ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ (CFDD) ជានាយកដ្ឋានទទួលខុសត្រូវលើទិន្នន័យសហគមន៍នេសាទ។ ព័ត៌មានអំពីអង្គការសហគមន៍នេសាទមិនត្រូវបានធ្វើបច្ចុប្បន្នភាពទៀងទាត់ ការប្រមូលទិន្នន័យភាគច្រើនត្រូវបានអនុវត្ដតាមរយៈគម្រោង និងមិនសូវមានគម្រោងគាំទ្រ ដោយសារការខ្វះខាតនិធិ។ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិប្រទេសដាណឺម៉ាក (DANIDA) បានផ្តល់មូលនិធិពីឆ្នាំ២០០៤-២០០៩ ចាប់តាំងពេលនោះមក មិនសូវមានការប្រមូលទិន្នន័យ លើកលែងតែការប្រមូលទិន្នន័យនៅមូលដ្ឋានតាមខេត្តមួយចំនួន។ CFDD បានប្រមូលទិន្នន័យក្នុងឆ្នាំ២០១៨ សម្រេចបាន ២៧០ សហគមន៍ (ក្នុងចំណោម ៥១៦ សហគមន៍) បន្ទាប់មក មានការស្ទង់មតិអំពីប្រសិទ្ធភាពសហគមន៍នេសាទក្នុងអំឡុងឆ្នាំ២០២១-២០២២ និងការធ្វើសារពើភ័ណ្ឌសហគមន៍នេសាទក្នុងឆ្នាំ២០២៣ ដែលកំណត់យកគោលដៅប្រមាណ ៤០០ សហគមន៍នេសាទ។ ដើម្បីឱ្យទិន្នន័យនិងព័ត៌មាន ដែលមានទាំងអស់ អាចអោយអ្នកប្រើប្រាស់ចូលប្រើបាន គម្រោងគាំទ្របច្ចេកទេស FAO CAPFISH- Capture បានគាំទ្រដល់ការអភិវឌ្ឍឧបករណ៍ប្រមូលទិន្នន័យតាមបែបឌីជីថល ដោយប្រើកម្មវិធី Kobo Toolbox និងការអភិវឌ្ឍមូលដ្ឋានទិន្នន័យ ដោយអង្គការ ODC ដើម្បីគាំទ្រដល់ការធ្វើឌីជីថលទិន្នន័យសហគមន៍នេសាទឆ្នាំ២០១៨។ ក្នុងឆ្នាំ២០២៣ អង្គការ ODC បានអភិវឌ្ឍមូលដ្ឋានទិន្នន័យបន្ថែម បានប្រែក្លាយនិងពង្រីកទៅជាមូលដ្ឋានទិន្នន័យអនឡាញពេញលេញ ក្រោមជំនួយបច្ចេកទេសដោយ FAO CAPFISH-Capture។ ទិន្នន័យសហគមន៍នេសាទនៃរដ្ឋបាលជលផលនេះ មានបង្ហាញទីតាំងនិងកន្លែងសហគមន៍នេសាទ ជាចំណុចនៅលើផែនទី ហើយអាចភ្ជាប់ទៅព័ត៌មានអំពីទំហំនៃកន្លែងនេសាទ សមាជិក និងស្ថានភាព រួមនឹងទិន្នន័យមួយចំនួនធំអំពីសហគមន៍នេសាទ នីមួយៗ ដែលប្រមូលបានក្នុងពេលផ្សេងៗគ្នា តាមរយៈការស្ទង់មតិកន្លងទៅ។ សំណុំទិន្នន័យ ដែលអាចទាញយកបាន មានបង្ហាញជូនសម្រាប់សហគមន៍នេសាទនីមួយៗ ក្នុងនោះដែរ គេអាចដាក់បញ្ចូលសំណុំទិន្នន័យបន្ថែម ដើម្បីចែករំលែកជាមួយអ្នកប្រើប្រាស់ទាំងអស់។ Portal ទិន្នន័យនេះត្រូវបានរចនាឡើងជាទម្រង់ឧបករណ៍ ដែលអាចកែសម្រួលបាន ហើយ Portal ទិន្នន័យនេះនឹងត្រូវបានអភិវឌ្ឍបន្ថែមជាបន្ដបន្ទាប់ ដោយផ្អែកលើមតិកែលម្អដោយអ្នកប្រើប្រាស់។ ព័ត៌មាននេះអាចត្រូវបានប្រើ ដើម្បីកំណត់និងផ្តល់អាទិភាពដល់ការគាំទ្រសម្រាប់សហគមន៍នេសាទ និងផ្តល់នូវការយល់ដឹងអំពីតួនាទីនិងសារៈសំខាន់នៃសហគមន៍នេសាទក្នុងការលើកកម្ពស់និរន្តរភាពធនធានជលផល និងបង្កើនការចូលរួមរបស់សហគមន៍ ក្នុងការគ្រប់គ្រងធនធាន។