នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន បានអញ្ជើញទទួលអំណោយប្រគេនពីភិក្ខុ ប៊ន ស្រឿន ព្រះចៅអធិការវត្ត គិរីសាលវ័ន (វត្តថ្មី) ខេត្តកំពង់ចាម ដើម្បីឧបត្ថម្ភចែកជូនកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តសៀមរាប។
អំណោយសរុបរួមមានចំនួន ៤៥០កញ្ចប់ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១៤០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ សំលៀកបំពាក់ កន្ទេល ភួយ មុង និងថវិកាមួយចំនួន។ ដោយឡែក លោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុន Agent21 Global បានឧបត្ថម្ភអំណោយដែលទទួលពីសប្បុរសជនជូនដល់ជនភៀសសឹកចំនួន ៤០គ្រួសារ រួមមាន៖ អង្ករ២០០គីឡូក្រាម ទឹកបរិសុទ្ធ៤០យួរ សំលៀកបំពាក់៤០កញ្ចប់ នំចេក៤០កញ្ចប់ សំឡីអនាម័យ២យួរធំ និងនំបុ័ងក្រៀម៤០កញ្ចប់ សរុបទាំងអស់ ១៨០គ្រួសារ។
តាងនាមកងទ័ព និងជនភៀសសឹក ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណជូនចំពោះព្រះចៅអធិការវត្ត គិរីសាលវ័ន(វត្តថ្មី) លោកស្រីអគ្គនាយិកា និងសប្បុរសជនទាំងអស់ ដែលបានពាំនាំយកអំណោយមកឧបត្ថម្ភជូនវីរកងទ័ព និងបងប្អូនជនភៀសសឹក ដែលបង្ហាញពីស្មារតីសាមគ្គីជាតិ ស្នេហាជាតិ ជាពិសេសផ្តល់កម្លាំងចិត្តដល់កងទ័ពការពារទឹកដី និងការពារអធិបតេយ្យជាតិ៕