នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារក្នុងវិស័យកសិកម្ម ដល់មន្ត្រីកសិកម្មឃុំ ជាជនបង្គោលខេត្ត » ក្នុងតំបន់មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ ធ្វើឡើងរយៈពេល២ថ្ងៃ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។
សិក្ខាសាលាដែលរៀបចំឡើង ដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការILO មានការអញ្ជើញចូលរួមពីឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត លោកស្រីបណ្ឌិត យូកា យូជីតា អ្នកជំនាញជាន់ខ្ពស់ខាងសុខភាព និងសុវត្ថិភាពការងាររបស់អង្គការ ILO ថ្នាក់ដឹកនាំ មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយ និងមន្ត្រីកសិកម្មឃុំ សរុបចំនួន៤០នាក់។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ដល់មន្ត្រីកសិកម្មឃុំជាគ្រូបង្គោល ត្រូវយកចំណេះដឹងទាំងនេះធ្វើការបណ្តុះបណ្តាលបន្តផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពការងារក្នុងវិស័យកសិកម្ម ទៅដល់មន្ត្រីកសិកម្មឃុំ និងកសិករនៅតាមឃុំគោលដៅទូទាំងប្រទេស សំដៅលើកកម្ពស់សុខុមាលភាពសង្គមឱ្យកាន់តែល្អ និងមានប្រសិទ្ធភាព។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់អង្គការILO បន្តជួយគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំបន្ថែមទៀត ដើម្បីឱ្យគោលនយោបាយអាទិភាពទី៥ និងទី៦ ក្នុងវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យកាន់តែប្រសើរថែមទៀត៕