នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាស្តីអំពី «កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងអង្គការ WWF-កម្ពុជា»។ សិក្ខាសាលាមានការអញ្ជើញចូលរួមពីលោក ងិន សុវិមាន អភិបាលរងនៃគណ:អភិបាលខេត្តមណ្ឌលគិរី លោកម៉ី ផល្លា នាយកកម្មវិធីនៃអង្គការWWF-កម្ពុជា មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពី១២ឃុំ សង្កាត់ និងមន្ត្រីកសិកម្មឃុំ សង្កាត់ចំនួន២៤រូប មកពី២១ឃុំ សង្កាត់ ទូទាំងខេត្តមណ្ឌលគិរី។
ថ្លែងក្នុងពិធីបើក ឯកឧត្តម ខាត់ សុធី បានវាយតម្លៃខ្ពស់ចំពោះអង្គការ WWF-កម្ពុជា ដែលមានចក្ខុវិស័យវែងឆ្ងាយ និងពង្រីកវិសាលភាពរបស់ខ្លួនចូលក្នុងវិស័យកសិកម្ម តាមរយៈគម្រោងផលិតកម្មប្រកបដោយនិរន្តរភាព(SCP) តាមរយៈការសហការជាមួយមន្ត្រីកសិកម្មឃុំ ដែលនេះ បានដើរស្របនឹងគោលនយោបាយអាទិភាពទី៥ ទី៦ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។
ឯកឧត្តមក៏បានផ្តល់ការណែនាំដល់មន្ត្រីកសិកម្មឃុំទាំងអស់ ដែលជាតួអង្គសំខាន់នៃការពិភាក្សានេះ ឆ្លុះបញ្ចាំងនូវអ្វីជាតម្រូវការចាំបាច់ សក្តានុពលនៃមុខដំណាំកសិកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យច្បាស់លាស់ ដែលនឹងជួយដល់កសិករគោលដៅ ក្នុងការសម្រេចបាននូវការធ្វើកសិកម្មវៃឆ្លាត មាននិរន្តរភាព និងធនទៅនឹងការប្រែប្រួលអាកាសធាតុ៕