នៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងការជួញដូរគ្រឿងញៀន ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារជំនាញ ព្រមទាំងគ្រូឧទ្ទេសមួយចំនួន បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ អប់រំ បង្ការ និងទប់ស្កាត់ការជួញដូរគ្រឿងញៀន ដល់និស្សិត និងសាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។
នៅក្នុងអង្គពិធីនោះ គ្រូឧទ្ទេសនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានធ្វើបទបង្ហាញដល់និស្សិត និងសាស្រ្តាចារ្យចំនួន២០៨នាក់ បានស្វែងយល់អំពីផលប៉ះពាល់នៃគ្រឿងញៀន ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ App No Drug ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស និងរាយការណ៍ជូនដល់សមត្ថកិច្ចអំពីករណីគ្រឿងញៀនជាដើម។
បន្ថែមពីនេះ ឯកឧត្តមក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់មន្រ្តីរាជការ និស្សិតទាំងអស់ ឱ្យបន្តនៅឆ្ងាយពីគ្រឿងញៀន និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ស្របតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងជួយផ្សព្វផ្សាយនូវចំណេះដឹងដែលទទួលបាននាពេលនេះ ឱ្យបានទូលំទូលាយដល់បងប្អូនទាំងអស់គ្នាឱ្យជៀសឆ្ងាយពីគ្រឿងញៀន៕