កម្មវិធីចុងក្រោយនៃដំណើរបេសកកម្មមកកាន់ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់របស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការី
ចេញផ្សាយ ២០ មីនា ២០១៩
3416
កម្មវិធីទី៥:
កម្មវិធីទី៥ គឺជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មមកកាន់ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់របស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការី។ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកភូមិបឹងកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ ក្នុងបំណងពិនិត្យវឌ្ឍនភាពនៃគម្រោងស្តីពីការបង្កើនធនធានជលផលតាមវាលស្រែ នៃកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតនៅកម្ពុជា ដំណាក់កាលទី២ (Feed The Future Cambodia - Rice Field Fisheries II) ដែលទទួលបាន ការឧបត្ថម្ភថវិកាពីអង្គការ USAID ប្រមាណ ៣២ម៉ឺនដុល្លារសម្រាប់ ៣២ សហគមន៍នេសាទនៅទូទាំងខេត្ត រីឯរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេ សាទជួយគាំទ្រដល់ការងារបច្ចេកទេស ការរៀបចំហេដ្ឋារចនា សម្ព័ន្ធសហគមន៍ ពូជត្រី ការរៀបចំជម្រកស្រះត្រីពូជ និងផ្សព្វផ្សាយច្បាប់សហគមន៍។ ដោយគម្រោងនេះផ្តោតលើការលើកកម្ពស់ចំណីអាហារ និងសន្តិសុខអាហាររូបត្ថម្ភរបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះដែលរស់នៅតាមដងទន្លេសាបក្នុងខេត្តគោលដៅចំនួន៤ គឺខេត្ត ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំតាមរយៈលើកកម្ពស់ផលិតកម្មស្រូវ ការធ្វើវារីវប្បកម្ម និងប្រព័ន្ធផលិតចំណីអាហារនិងស្បៀង។
បន្ទាប់ពីលោកពូ អោក ឆឹម ប្រធានក្រុមប្រឹក្សាឃុំ និងលោកពូ នួន មេត ប្រធានសហគមន៍ស្រះជម្រកត្រីបឹងកំពែង បានរាយការណីជូនឯកឧត្តមរដ្ឋមន្ត្រីបានជ្រាបពីស្ថានភាពរដ្ឋបាល សន្តិសុខសង្គម សកម្មភាពជីវភាពរស់នៅប្រចាំថ្ងៃ ការងារសហ គមន៍ កិច្ចការអភិវឌ្ឍ និងអភិរក្សបឹងជម្រកត្រីបឹងកំពែងរួចមក លោកស្រីយូ មីកូ ឃូរ៉ា បានរាយការណ៍ជូនប្រតិភូដោយសង្ខេបអំពីគោលបំណងរបស់គម្រោងលទ្ធផលសម្រេចបាន បញ្ហាប្រឈម ការងារគ្រប់គ្រងស្រះជម្រកត្រីសហគមន៍ ការការពារ ការអភិវឌ្ឍ និងអភិរក្សជម្រកត្រីសហគមន៍។ ក្រៅពីផលត្រី គម្រោងក៏បានអនុវត្តលើការ ផលិតទឹកស្អាត ការបង្កើតសួនបន្លែគ្រួសារ ធ្វើស្រែ ដំឡូងមី និងការសន្សំប្រាក់។ល។ សម្រាប់យកមកបម្រើការនៅក្នុងសហគមន៍។
មានមតិសំណេះសំណាលជាមួលប្រជាសហគមន៍ ឯកឧត្តមរដ្ឋមន្ត្រីជាថ្មីម្តងទៀតបានថ្លែងអំណរគុណចំពោះអង្គការ USAID ដែលបានជួយអភិវឌ្ឍវិស័យកសិកម្ម នៅមូលដ្ឋានដើម្បីបង្កើតការងារ ប្រាក់ចំណូល និងរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានបានយ៉ាងល្អប្រសើរ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ ពិសេសសមាជិកសហគមន៍ដែលបានអភិវឌ្ឍសហគមន៍របស់ខ្លួនប្រកបដោយភាពវៃឆ្លាត និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថាការងារអភិវឌ្ឍសហគមន៍នេសាទគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗរបស់ក្រសួងក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យជនផលឲ្យមាននិរន្តរភាព បង្កើនការផ្គត់ផ្គង់បរិមាណផលចាប់ពីវិស័យវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ដោយកាត់បន្ថយផលចាប់ពីបឹង ស្ទឹង និងទន្លេធម្មជាតិ ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជានេសាទ។ ជាក់ស្តែងសមិទ្ធផលដែលគម្រោងសម្រេចបាន គឺបានចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការធ្វើឲ្យប្រសើរឡើងនូវចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ហើយវាពិតជាបានចូលរួមចំណែកគាំទ្រ និងសម្រេចបានតាមគោលនយោបាយរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋាភិបាល។