សិក្ខាសាលាស្តីពី “វិធានការការពារ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
ចេញផ្សាយ ២៦ មីនា ២០១៩
4104
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ មានរៀបចំសិក្ខាសាលាស្តីពី “វិធានការការពារ និងទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅកម្ពុជា” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដៃគូអភិវឌ្ឍ តំណាងក្រុមហ៊ុនជាតិ-អន្តរជាតិ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្រុមហ៊ុនផលិតចំណីសត្វ អាជីវករពិឃាតសត្វ ម្ចាស់សត្តឃាតដ្ឋាន ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក ក្រុមហ៊ុននាំជ្រូកចូល និងអាជីវករលក់សាច់ជ្រូកប្រមាណ ៥០០នាក់។
បន្ទាប់ពីលោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអានសុន្ទរកថាស្វាគមន៍ និងរាយការណ៍ដោយសង្ខេបអំពីស្ថានភាពទូទៅនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកជូនអង្គពិធីជ្រាបរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណជូនចំពោះវត្ដមានរបស់សមាជិក សមាជិកានៃអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ។ ទាក់ទងនឹងវិស័យផលិតកម្មជ្រូក ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបអង្គពិធីថាក្នុងឆ្នាំ២០១៨ ការចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារមានប្រមាណជា ១,៩លានក្បាល និងជាលក្ខណៈឧស្សហកម្មប្រមាណជា ០,៨លានក្បាល និងមានកសិដ្ឋានគ្រប់កម្រិតជាង ៦៧០កសិដ្ឋាននៅទូទាំងប្រទេស។ បច្ចុប្បន្ន ការកែប្រែទម្លាប់ពីការចិញ្ចឹមជាលក្ខណៈគ្រួសារមកជាលក្ខណៈឧស្សាហកម្មបាននិងកំពុងរីកដុះដាលយ៉ាងលឿក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយស្របពេលដែលសេដ្ឋកិច្ចជាតិមានការរីកចម្រើន កំណើនប្រជាជន និងកំណើនភ្ញៀវទេសចរណ៍ សេចក្តីត្រូវការសាច់ ដែលតម្រូវឲ្យអ្នកចិញ្ចឹមជ្រូកយកចិត្តទុកដាក់គិតគូប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យ សមស្របដើម្បីផលិតសាច់មានអនាម័យ និងគុណភាពឆ្លើយតបតាមតម្រូវការទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម និងជាពិសេសធានាសុខុមាលភាពសាធារណៈ។
ពាក់ព័ន្ធនឹងប្រធានបទខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានសង្ខេបជម្រាបជូនអង្គពិធីពីប្រវត្តិនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកថា ជំងឺនេះបានផ្ទុះឡើងលើកដំបូងនៅឆ្នាំ១៩០៧ នៅប្រទេសកេនញ៉ា ហើយវាបានផ្ទុះឡើងជាបន្តបន្ទាប់ទៅតាមបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក និងចុងក្រោយក្នុងឆ្នាំ២០១៨ ជំងឺនេះបានផ្ទុះឡើងនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប រួចបន្តរាលឆ្លងចូលក្នុងប្រទេសចិន ហើយបច្ចុប្បន្នបាននិងកំពុងបន្តរាលដាលតាមបណ្តាខេត្តមួយចំនួននៅប៉ែកខាងជើង និងកណ្តាលនៃប្រទេសវៀតណាម។ លោកបន្ថែមទៀតថា ជំងឺនេះបានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មជ្រូក និងបានធ្វើឲ្យសេដ្ឋកិច្ចជាតិមានការខាតបង់យ៉ាងច្រើន។ ការរីករាលដាលយ៉ាងស្រួចស្រាវនៃជំងឺដ៏កាចសាហាវនេះនៅប្រទេសវៀតណាម ប្រាកដជានឹងបង្កឲ្យមានការព្រួយបារម្ភដល់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជាគ្រប់កម្រិត រួមទាំងអាជីវករ ម្ចាស់សត្តឃាតដ្ឋាន ក្រុមហ៊ុនផលិតចំណីជ្រូក ដេប៉ូលក់ចំណីជ្រូក និងជាពិសេសអ្នកបរិភោគសាច់ជ្រូក។ល។ ក្តីបារម្ភរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនបានព្រងើយកន្តើយ ហើយជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការជួយការពារផលប្រយោជន៍របស់កសិករ ជាក់ស្តែងក្រសួងបានណែនាំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយត្រូវសហការជាមួយអន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិពិសេសខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម សមាគមអ្នកចិញ្ចឹមជ្រូក ផលិតករ អាជីវករ ដោយត្រូវរូមគ្នាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវខ្លឹមសារនៃសារាចរណែ នាំលេខ១១៩ សរណន.កសក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះជាបន្ទាន់។ ជាមួយគ្នានេះ លោកបានណែនាំឲ្យប្រធានមន្ទីរ និងមន្រ្តីពេទ្យសត្វខេត្តទាំង ៧ដែលមានព្រំ ប្រទល់ជាប់ប្រទេសវៀតណាមត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ដោយត្រូវអនុវត្តខ្លឹមសារាចរណែនាំលេខ១១៩ ឲ្យមានប្រសិទ្ធភាព។ អ្នកចិញ្ចឹម ម្ចាស់សត្តឃាតដ្ឋាន អាជីវករលក់សាច់ ត្រូវចូលរួមសហការរក្សាតម្លៃសាច់ជ្រូកឲ្យនៅដដែល ដោយមិនត្រូវឆក់ឱកាសតម្លើងតម្លៃសាច់ជ្រូកជាដាច់ខាត។
ក្រៅពីវិធានការដែលបានដាក់ចេញដោយក្រសួង ក៏នៅមានវាគ្និនជំនាញផ្នែកជំងឺនេះនឹងលើក យកវិធានការបច្ចេកទេស និងវិធានការជីវសុវត្ថិភាពមកបកស្រាយជូនអង្គពិធីបន្ថែមដើម្បីជាធាតុចូលសម្រាប់ទុកជាយុទ្ធសាស្រ្តឲ្យភាគីពាក់ព័ន្ធយកទៅអនុវត្តជាបន្ទាន់ដើម្បីការពារ និងទប់ស្កាត់ជំងឺនេះមិនឲ្យរាលឆ្លងចូលកម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
ដូច្នេះលោកស្នើឲ្យសិក្ខាកាមត្រូវស្វែងយល់ឲ្យបានស៊ីជម្រៅនិងជួយផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយបន្ថែមទៀតអំពីបញ្ហាប្រឈម ផលប៉ះពាល់ជាអវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ចជាតិ សុខុមាលភាពសាធារណៈ។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងការធ្វើជីវសុវត្ថិភាពក្នុងកសិដ្ឋាន កន្លែងចិញ្ចឹមសត្វ កន្លែងប្រមូលផ្តុំសត្វ សត្តឃាតដ្ឋានឲ្យបានលល្អប្រសើរ និងរាយការណ៍អំពីស្ថានភាពខុសប្រក្រតីនៃជំងឺសត្វ និងសាច់សត្វឲ្យបានឆាប់រហ័សបំផុតដល់សមត្ថកិច្ចពាក់ព័ន្ធ។ ជាមួយនេះ គ្រប់តួអង្គពាក់ ព័ន្ធទាំងអស់ត្រូវសហការជាមួយក្រុមហ៊ុន ដៃគូអភិវឌ្ឍន៍ជាតិនិងអន្តរជាតិទាំងអស់ រួមទាំងអង្គការសុខភាពសត្វពិភពលោក (OIE) អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) ដើម្បីស្វះស្វែងរកប្រភពថវិកាក្នុងការរៀបចំទប់ស្កាត់ជំងឺទាំងនៅមុនពេលផ្ទុះ ពេលផ្ទុះ និងក្រោយផ្ទុះជំងឺក្នុងស្មារតីទទួលខុសត្រូវ។ ទន្ទឹងនឹងនេះ ត្រូវជៀសវាងការផ្សព្វផ្សាយខុសពីការពិតអំពីជំងឺនេះដែលនាំឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹម សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិយើង។
ឆ្លៀតឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមអ្នក ចិញ្ចឹមសត្វកម្ពុជា ក្រុមហ៊ុន C.P កម្ពុជា និងភាគីពាក់ព័ន្ធដែលបានសហការ ឧបត្ថម្ភរៀបចំសិក្ខា សាលានេះឡើងបានយ៉ាងល្អប្រសើរ និងជាពិសេសបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន C.P កម្ពុជាដែលបានជួយឧបត្ថម្ភជាឧបករណ៍ សម្ភារបរិក្ខារ ថ្នាំសម្លាប់មេរោគគិតជាទឹកប្រាក់ចំនួន ១៥០លានរៀល និងក្រុមហ៊ុន BETAGRO ដែលបានជួយឧបត្ថម្ភផងដែរគិតជាទឹកប្រាក់ចំនួន ២០លានរៀល។ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ក្តីសង្ឃឹមនិងជឿជាក់ថាសមាជិក សមាជិកាទាំងអស់នឹងនាំយកចំណេះដឹងថ្មីៗ ក៏ដូចជាផែនការយុទ្ធសាស្ត្រ និងបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកចែករំលែកនូវធាតុចូលដែលទទួលបានពីអង្គសិក្ខាសាលានេះ រួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះឲ្យបាន ជាពិសេសជៀសវាងផលវិបាកនៃការឡើងថ្លៃសាច់ជ្រូកដែលជាកត្តានាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។