នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ ដែលមានលោកជំទាវ ចាន់ ផលលឿន ឯកឧត្តម សួន សេរី អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងសង្កែនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងដំណើរចុះពិនិត្យជាក់ស្តែង ឃើញថាមានផ្ទៃដីស្រែដែលរងផលប៉ះពាល់មានទំហំសរុបចំនួន៦២៧ ហិកតា ស្ថិតនៅឃុំចំនួន៣ ដែលក្នុងនោះរួមមាន÷ ឃុំព្រែកនរិន្ទ ឃុំពាមឯក និងឃុំព្រែកហ្លួង នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង។
បន្ទាប់ពីក្រុមការងារបានពិនិត្យមើលនូវផលប៉ះពាល់ដែលបណ្តាលដោយទឹកជំនន់រួចមកឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ ក៏បានបន្តដំណើរចុះពិនិត្យស្រែ ដែលរងការបំផ្លាញដោយសត្វមមាចត្នោតនៅទំនប់អាងភាសនៅស្រុកថ្មគោល។
គួរបញ្ជាក់ថា បន្ទាប់ពីបានចុះអន្តរាគមន៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង មកស្ថានភាពនៃការបំផ្លាញមិនមានការរីករាលដាលតទៅទៀតនោះទេ រីឯស្រែដែលរងនូវការបំផ្លាញបានលូតលាស់ជាធម្មតាវិញ។
នាឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង សហការជាមួយកសិករបន្តតាមដានវត្តមានកត្តាចង្រៃ ដើម្បីមានវិធានការទាន់ពេលវេលាតាមការចាំបាច់៕