ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានទទួលជួបលោកស្រី Aparna Subramani នាយកប្រតិបត្តិនៃធនាគារពិភពលោក និងជាប្រធានគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក
ចេញផ្សាយ ១៦ ឧសភា ២០១៩
2722
នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលម៉ោង១៤:០០ ថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានទទួលជួបលោកស្រី Aparna Subramani នាយកប្រតិបត្តិនៃធនាគារពិភពលោក និងជាប្រធានគណៈប្រតិភូក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក និងសហការីក្នុងគោលបំណងពិភាក្សាអំពីដំណើរវិវត្តន៍រីកចម្រើននៃវិស័យកសិកម្ម និងស្វែងយល់ពីបញ្ហាប្រឈមនានាក្នុងវិស័យដ៏មានសារៈសំខាន់នេះ។
ជាមួយនឹងមតិស្វាគមន៍ ចំពោះគណៈប្រតិភូ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោកដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មនេះតែម្តងពីប្រទេសដែលខ្វះស្បៀងសម្រាប់ប្រជាជន មកជាប្រទេសដែលមានអតិរេកស្បៀង និងផលិតផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។ ទន្ទឹមនឹងនេះ វិសាលភាពនៃការអភិវឌ្ឍក្នុងវិស័យនេះនៅមិនទាន់អស់សក្តានុពលនោះទេ ដោយនៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួង និងវិស័យកសិកម្មទាំងមូលកំពុងជួបប្រទះដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធនធានមនុស្ស នៅមានកម្រិត ដោយមិនទាន់ឆ្លើយតបបានគ្រប់ជ្រុងជ្រោយនៅឡើយ។ បញ្ហាទាំងអស់នេះ ជាកត្តាមួយសំខាន់នាំឲ្យមានការប៉ះពាល់ដល់ការបំពេញខ្សែច្រវាក់តម្លៃបន្ថែមផលិតកម្មកសិកម្ម និងភាពប្រកួតប្រជែង។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម និងធានានិរន្តរភាពនៃការអភិវឌ្ឍ ទន្ទឹមនឹងនេះសម្រេចឲ្យបាននៃចក្ខុវិស័យរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០ រាជរដ្ឋាភិបាលដែលមានក្រសួងជាសេនាធិការបានដាក់ចេញនូវគោលនយោបាយ និងផែនការសកម្មភាពសំខាន់ៗដូចជាការលើកកម្ពស់ទំនើបកម្មកសិកម្ម ការជំរុញផលិតកម្មកសិកម្មតាមកិច្ចសន្យា បង្កើនការសិក្សាស្រាវជ្រាវពូជដំណាំ សត្វ និងវារីវប្បកម្ម ព្រមទាំងការលើកកម្ពស់ប្រជាសហគមន៍តាមរយៈការធ្វើពិពិធកម្មកសិកម្ម និងបង្កើនសក្តានុពលធនធានមនុស្ស ជាពិសេសយុវជនដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម។
លោកស្រី Aparna Subramani បានធ្វើការកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ដែលសមិទ្ធផលទាំងអស់នេះបានជួយប្រែក្លាយកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាបានយ៉ាងល្អប្រសើរ ហើយលោកស្រីក៏បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយធនាគារពិភពលោកដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម។ លោកស្រីក៏បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះបញ្ហាប្រឈមដែលឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងខាងលើ ដោយបញ្ជាក់ថាក្រុមការងាររបស់ធនាគារពិភពលោកនឹងយកទៅពិនិត្យ និងរកការជួយគាំទ្រផងដែរ។ ហើយលោកស្រីជឿជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងក្រសួងនិងធនាគារពិភពលោកត្រូវបានពង្រឹង និងពង្រីកថែមមួយកម្រិតទៀតតាមរយៈជំនួបនាថ្ងៃនេះ។