ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃគម្រោងកម្មវិធីសម្រាប់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន
ចេញផ្សាយ ០៤ កក្កដា ២០១៩
2987
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀលថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃគម្រោងកម្មវិធីសម្រាប់ការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន÷ សមាសភាគការនេសាទ (CAPFISH - Capture) ដែលគម្រោងនេះស្ថិតក្រោមជំនួយឧបត្ថម្ភហិរញ្ញប្បទានឥតសំណង ពីសហភាពអឺរ៉ុប។
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលបានឲ្យដឹងថា ជំនួយឧបត្ថម្ភហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុបមានចំនួន ៨៧លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងរយ:ពេល ៦០ខែ (២០១៩- ២០២៣) និងសហការអនុវត្តដោយអង្គការ FAO UNESCO និង UNIDO ហើយរដ្ឋបាលជលផលជាស្ថាប័នទទួលខុសត្រូវ។ គម្រោងនេះមានគោលបំណងចំបងគឺគាំទ្រលើឆន្ទ:របស់រាជរដ្ឋាភិបាលដែលមានចេតនាចង់ធ្វើការអភិវឌ្ឍវិស័យជលផលឲ្យមាននិរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័នតាមរយ:ការអនុវត្តផែនការសកម្មភាពសំខាន់ៗចំនួន០៣ គឺទី១. ការកែលម្អការដឹកនាំ ការគ្រប់គ្រងលើការអនុវត្តច្បាប់ និងបច្ចេកទេស ការគ្រប់ គ្រង អភិរក្ស ត្រួតពិនិត្យ និងអង្កេតធនធានជលផលទាំងទឹកសាបនិងសមុទ្រ។ ទី២. ធ្វើការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមតាមរយ:ការពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម (ចិញ្ចឹម-កែច្នៃ) ដែលរួមចំណែកបង្កើតការងារ និងបង្កើនចំណូលគ្រួសារ និងទី៣. ធ្វើការកាត់ បន្ថយគម្លាតសេដ្ឋកិច្ច និងសង្គមរវាងប្រជានេសាទ ជាមួយប្រជាពលរដ្ឋមិនមែនជាអ្នកនេសាទ។
ការអនុវត្តផែនការសកម្មភាពសំខាន់ៗទាំង០៣ ខាងលើនឹងផ្តល់លទ្ធផលតាមការរំពឹងទុកដែលក្នុងនោះមានជាអាទិ៍÷ ពង្រឹងការអនុវត្តច្បាប់ បច្ចេកទេស ការគ្រប់គ្រងការនេសាទ ការកែច្នៃ ការការពារដែននេសាទ ការបង្កើតជម្រកត្រីពូជ ការបណ្តុះបណ្តាលសហគមន៍ និងផ្សព្វផ្សាយ ការផ្តល់សេវាកម្ម ការគ្រប់គ្រងមូលនិធិ ការកាត់បន្ថយការបាត់បង់ក្រោយពេលប្រមូលផល ការបង្កើនបរិមាណផលនេសាទក្នុងទីផ្សារ ធានាស្តង់ដារគុណភាព សុវត្ថិភាពទីផ្សារជាតិ-អន្តរជាតិ ការកសាងសមត្ថភាពមន្រ្តីជំនាញអំពីការត្រួតពិនិត្យគុណភាព និងអនាម័យ។ ទន្ទឹមនឹងនេះ ផ្តល់ការគាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគវារីវប្បកម្ម និងផ្តល់ហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និងមធ្យមដើម្បីលើកកម្ពស់ខ្សែច្រវាក់ផលិតកម្ម។ល។ ក្រៅពីនេះ គម្រោងក៏នឹងជួយគាំទ្រដល់សេវាទឹកស្អាត អនាម័យ និងការគ្រប់គ្រងកាកសំណល់ថាមពល និងការអប់រំនៅតំបន់ដីសើម និងតំបន់ឆ្នេរ គាំទ្រដល់ការអភិវឌ្ឍអេកូទេសចរណ៍ផងដែរ។ ជារួមទាំងគោលបំណង និងលទ្ធផលដែលរំពឹងទុកនៃគម្រោងទាំងមូល នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តច្បាប់ស្តីពី "វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU" ដែលសេចក្តីព្រាងច្បាប់នេះទើបតែត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី០១ ខែកក្កដាកន្លងមក។
មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីតាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលសហភាពអឺរ៉ុប ដែលបានបន្តជួយគាំទ្រ និងសហការបានយ៉ាងល្អប្រសើរជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ ជាក់ស្តែង គម្រោង CAPFISH - CAPTURE នេះតែម្តងដើម្បីអភិវឌ្ឍន៍វិស័យជលផល។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថាគម្រោងនេះនឹងបង្កើតបាននូវធាតុចូលសំខាន់ៗតាមការរំពឹងទុកដូចបានជម្រាបជូនខាងលើ ហើយលទ្ធផលនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យជលផល ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចជាតិនាពេលអនាគត។ លោកក៏បានណែនាំឲ្យ រដ្ឋបាលជលផលបន្តកិច្ចសហការយ៉ាងល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ជំនួយ ដើម្បីអនុវត្តគម្រោងឲ្យបានជោគជ័យ។