នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកក្រុមការងារចម្រុះ រួមមាន អធិការដ្ឋានរដ្ឋបាលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កងរាជអាវុធហត្ថថ្នាក់ជាតិ ប៉ូលីសប៉ុស្តិ៍ ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច និងសហគមន៍នេសាទ ចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយរឹបអូសបានវត្ថុតាងមួយចំនួនបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ។
ប្រតិបត្តិការនេះ អនុវត្តដោយប្រើប្រាស់កាណូតចំនួន ៧គ្រឿង និងមានអ្នកចូលរួមសរុប ចំនួន២៧នាក់ ដោយក្រុមការងារជំនាញបង្ក្រាបបានបទល្មើស នៅចំណុចក្នុងដែននេសាទ ដែលស្ថិតនៅភូមិស្ទឹងស្ងួត ភូមិអំពិលទឹក ភូមិស្តីបន្លឹច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
វត្ថុតាងដែលរឹបអូសបានរួមមាន៖ របាំងស្បៃមុងចំនួន ១៨កន្លែង ប្រវែង ៣៦០ម៉ែត្រ លូស្បៃមុងចំនួន ១៨គ្រឿង បង្គោល ចំនួន ២០០ដើម លបប្រើស១០០ ចំនួន៨០គ្រឿង ដាយត្រី ចំនួន០២វង់ ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង។ ទន្ទឹមគ្នានេះ ឯកឧត្តម ប៉ែន ផល្លីកា និងក្រុមការងារ បានចាក់លែងកូនត្រីចម្រុះចំនួន ១៥០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិវិញ៕