ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យសមាគមសេដ្ឋកិច្ច ចិន ខ្មែរ ក័ងតុង ដឹកនាំគណៈប្រតិភូមកពីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្តែងការគួរសម
ចេញផ្សាយ ២១ ធ្នូ ២០១៨
2640
មុននឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅខេត្ត ហ៊ុយប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន នាម៉ោង ០៨:០០ ព្រឹក ថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យសមាគមសេដ្ឋកិច្ច ចិន ខ្មែរ ក័ងតុង ដឹកនាំគណៈប្រតិភូមកពីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានលោក Zheng Huidian អនុប្រធានមន្ទីរកសិកម្ម និងកិច្ចការជនបទនៃខេត្តក័ងតុង ជាប្រធានគណៈប្រតិភូ រួមជាមួយក្រុមហ៊ុនវិនិយោគផ្នែកកសិកម្មធំៗចំនួន ៤ក្រុមហ៊ុនទៀត ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាពាក់ព័ន្ធនឹងដំណាំស្រូវ ការបង្កាត់ពូជនិងចិញ្ចឹមសត្វ ការផលិតនិងការកែច្នៃចំណីសត្វ ហើយសុំអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រី ដើម្បីឲ្យគម្រោងវិនិយោគទាំងនេះទទួលបានលទ្ធផលជាផ្លែផ្កា ធ្វើយ៉ាងណាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀត។
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថាបច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយក្រសួងកសិកម្ម និងកិច្ចការជនបទនៃប្រទេសចិន ដោយភាគីទាំងពីរបានចុះអនុស្សារណៈយោគយល់គ្នាស្តីពីការរៀបចំផែនការមេដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍ចំពោះបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ក្រុមហ៊ុនវិនិយោគកែច្នៃផលិតផលកសិកម្ម ចិញ្ចឹមសត្វ ការផ្តល់បច្ចេកវិទ្យាថ្មីៗមកកម្ពុជា ជាពិសេសជាមួយខេត្តក័ងតុង ដែលជាខេត្តមួយដែលមានភូមិសាស្ត្រ បរិយាកាស និងផ្ទៃដីដាំដុះប្រហាក់ប្រហែលនិងកម្ពុជា ហើយក៏ជាខេត្តដែលមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្មផងដែរ។
លោកប្រធានប្រតិភូ Zheng Huidian បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី និងសហការី ហើយលោកសូមទទួលយកនូវរាល់ព័ត៌មាន និងការលើកឡើងពាក់ព័ន្ធនិងវិស័យកសិកម្មនៅកម្ពុជាពីឯកឧត្តមរដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ លោក Zheng Huidian ក៏បានធ្វើការរាយការណ៍អំពីសកម្មភាព លទ្ធផល និងសមិទ្ធិផលនានាដែលខេត្តក័ងតុងសម្រេចបានក្នុងវិស័យកសិកម្ម ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចនៃប្រទេសចិន ពោលគឺទូទាំងប្រទេសចិន ខេត្តក័ងតុងទទួលបានចំណាត់ថ្នាក់លេខ៣ ធំជាងគេក្នុងការដាំដុះដំណាំកសិកម្ម និងឈើហូបផ្លែ និងចំណាត់ថ្នាក់លេខ៦ ក្នុងការចិញ្ចឹមសត្វ។ ចំពោះដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីស្វែងយល់ និងសិក្សាអំពីសក្តានុពលនៃការនាំចេញអង្ករកម្ពុជាឆ្ពោះត្រង់ទៅកាន់ខេត្តក័ងតុង និងនាំវិនិយោគិនពីខេត្តក័ងតុងពិនិត្យលទ្ធភាពក្នុងការវិនិយោគនិងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រចំពោះគំនិតដែលចង់នាំអង្ករកម្ពុជាឆ្ពោះត្រង់ទៅកាន់ទីផ្សារខេត្តក័ងតុង ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្តល់កិច្ចសហការឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាឲ្យគម្រោងនេះទទួលបានជោគជ័យ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យវិនិយោគិនដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ពិនិត្យលទ្ធភាពបោះទុនវិនិយោគនៅកម្ពុជា ផ្នែកចិញ្ចឹមសត្វ ផលិតចំណីសត្វនិងវ៉ាក់សាំងដែលមានគុណភាពខ្ពស់ ដោយអនុវត្តតាមផលិតកម្មតាមកិច្ចសន្យាជាមួយប្រជាកសិករ ដើម្បីយកវត្ថុធាតុដើមមកធ្វើការកែច្នៃ និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល និងលើកស្ទួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជម្រុញផលិតកម្មក្នុងស្រុក។ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរអំពីសក្តានុពលនៃដំណាំឈើហូបផ្លែ ដូចជាតាង៉ែន ស្រកានាគ ចេកអំបូងលឿង និងដំណាំស្វាយចន្ទីដែលកម្ពុជាកំពុងពង្រីកការដាំដុះ និងមានទីផ្សារខ្ពស់ ជាពិសេសទីផ្សារចិន ថាគួរវិនិយោគិនពិនិត្យលទ្ធភាពក្នុងការវិនិយោគកែច្នៃ និងនាំចេញ។