ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ឯ.ក និងសហការីចូលជួបសម្តែងការគួរសម
ចេញផ្សាយ ១៦ ឧសភា ២០១៩
2861
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង០៩:០០ព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ដែលត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ឯ.ក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់តែល្អប្រសើរ និងមានភាពទូលំទូលាយថែមទៀត។
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ចំណងមិត្តភាពយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិនបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់ប្រទេសកម្ពុជា ដោយភាគីចិនបានដើរតួយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងការផ្តល់ហិរញ្ញប្បទាន និងបច្ចេកទេសមកដល់កម្ពុជា។ មួយវិញទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម ភាគីចិនក៏បាននិងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយភាគីកម្ពុជាផងដែរ ដោយភាគីចិនបានឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជារហូតដល់៤០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យចេកអំបូងលឿងកម្ពុជាធ្វើការនាំចេញឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន ហើយសង្ឃឹមថាផលិតផលកសិកម្មមួយចំនួនទៀតដូចជាស្វាយ ផ្លែមៀន ម្រេច ផ្លែស្រកានាគ ផ្លែដូង និងទឹកមាត់ត្រចៀកកាំ ដែលភាគីទាំងពីរកំពុងធ្វើការចរចាអំពីលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងភូតគាមអនាម័យ នឹងអាចធ្វើការនាំចេញក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ ចំនួននៃការវិនិយោគពីក្រុមហ៊ុនចិនមកលើវិស័យកសិកម្មនៅកម្ពុជាក៏បាននិងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដូច្នេះឯកឧត្តមរដ្ឋមន្ត្រីគាំទ្រ និងស្វាគមន៍ចំពោះបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនមកលើវិស័យនេះ ដោយត្រូវសំដៅលើការកែច្នៃ វេចខ្ចប់វត្ថុធាតុដើមដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។
លោក He Jianping បានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមរដ្ឋមន្ត្រីដើម្បីទទួលជួប និងពិភាក្សាការងារជាមួយរូបលោក និងសហការី។ ចំពោះជំនួបនាថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនក្នុងការកែច្នៃ វេចខ្ចប់ ពិសេសការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មពីចំណុចផ្តើម រហូតដល់ការនាំចេញតែម្តង ហើយអ្វីដែលសំខាន់នោះ ការធ្វើពាណិជ្ជកម្ម និងទីផ្សារកសិផលគឺតាមរយៈប្រព័ន្ធអ៊ីនធឺណេតដែលអាចកាត់បន្ថយពេលវេលា ការចំណាយ និងបង្កើនភាពទូលំទូលាយជូនគ្រប់ភាគីពាក់ព័ន្ធ។ លោកប្រធានក៏បានបញ្ជាក់ផងដែរថា ដើម្បីឱ្យផែនការវិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យ ក្រុមហ៊ុនបានរៀបចំដីជាង០២ពាន់ហត នៅខេត្តកំពង់ធំសម្រាប់ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដូចជាអង្ករ ស្វាយ ស្វាយចន្ទីជាដើម ហើយគម្រោងនេះក៏ទទួលបានការសហការគាំទ្រពីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ ហើយលោកប្រធានបានអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយក្រុមហ៊ុនដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។