ឯកឧត្ដមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃគម្រោងដាំឈើឧស្សាហកម្មភាពជាដៃគូប្រភេទឈើ អ៊ុយកាលីបទុស (EUCALYPTUS) របស់ក្រុមហ៊ុន សៀម៉ុន ខេមប៉ូឌា អាហ្រ្គីខលឈ័រ ខំព្រីហែនស៊ីវ ឌីវេលុបមែន
ចេញផ្សាយ ២៧ ឧសភា ២០១៩
3020
បន្ទាប់ពីបានចុះពិនិត្យទីតាំងប្រារព្វព្រះរាជពិធីរុក្ខទិវា ឯកឧត្ដមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃគម្រោងដាំឈើឧស្សាហកម្មភាពជាដៃគូប្រភេទឈើ អ៊ុយកាលីបទុស (EUCALYPTUS) របស់ក្រុមហ៊ុន សៀម៉ុន ខេមប៉ូឌា អាហ្រ្គីខលឈ័រ ខំព្រីហែនស៊ីវ ឌីវេលុបមែន ដែលមានទីតាំងនីស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងដាំឈើជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅឆ្នាំ២០១៧ ក្នុងភាពជាដៃគូដាំឈើក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសៀម ប៉ាង លើផ្ទៃដី ២៦,៩៩០ហត។ បច្ចុប្បន្នក្រុមហ៊ុនសម្រេចបានសមិទ្ធផលសំខាន់ៗដូចជាសាង សង់រចនាសម្ព័ន្ធផ្លូវ អគាររដ្ឋបាល អគារស្នាក់នៅ ប្រព័ន្ធស្រោចស្រព ថ្នាលពិសោធន៍ និងថ្នាលបណ្តុះកូនឈើ។ ក្រុមហ៊ុនបានយកកូនឈើប្រេងខ្សល់ ០៦ពូជ ចំនួន ៣០០ពាន់ដើម ពីប្រទេសចិន និងកំពុងធ្វើការបណ្តុះចំនួន ០១លានដើមទៀត ដើម្បីដាំសាកល្បង។ លទ្ធផលបានបង្ហាញថាក្នុងចំណោមពូជទាំង ០៦ មាន០២ពូជ គឺពូជ G9 និង G26 មានការលូតលាស់បានល្អកម្ពស់ជាង ០២ម៉ែត្រ តែក្នុងរយ:ពេល ០៦ខែប៉ុណ្ណោះ។ ហេតុផលនេះ ក្រុុមហ៊ុនបានសម្រេចបញ្ជាទិញពូជទាំង ០២ ប្រភេទនេះ ចំនួន ៣លានដើម យកមកដាំលើផ្ទៃដីដែលបានឈួសឆាយរួចសរុបចំនួន ៩០០ហត ក្នុងឆ្នាំ២០១៩ នេះ។
ពិនិត្យឃើញលទ្ធផលជាក់ស្តែង ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំដល់ក្រុមហ៊ុនខិតខំអនុវត្តឲ្យបានតាមកិច្ចព្រមព្រៀងជាមួយក្រសួង ជាពិសេសព្យាយាមអនុវត្តឲ្យបានខ្ជាប់ខ្ជូននូវផែនការដាំដុះរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ត្រូវបន្តផ្តល់កិច្ចសហការឲ្យបានល្អជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ប្រយោជន៍ដើម្បីបន្តពង្រឹង និងពង្រីកការអភិវឌ្ឍដីនេះឲ្យមានប្រសិទ្ធភាព។ មួយវិញទៀត ក្រុមហ៊ុនគួរពិនិត្យពិចារណាផ្តល់ការងារជូនប្រជាជនក្នុងស្រុកឲ្យបានច្រើនតាមអាចធ្វើទៅបាន ដើម្បីឲ្យពួកគេមានការងារធ្វើ មានចំណូល និងកាត់បន្ថយចំណាកស្រុក។