ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Tahamoana Macpherson ឯកអគ្គរដ្ឋទូតនៃប្រទេសញ៉ូវេលហ្សេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសហការីចូលជួបសម្តែងការគួរសម
ចេញផ្សាយ ១៧ មិថុនា ២០១៩
2732
នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ០៩:៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Tahamoana Macpherson ឯកអគ្គរដ្ឋទូតនៃប្រទេសញ៉ូវេលហ្សេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។
មានមតិស្វាគមន៍ តំណាងឲ្យរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ នេសាទ និងរូបលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលញ៉ូវេលហ្សេឡង់ ដែលបានធ្វើការគាំទ្រតាមរយៈគម្រោង បច្ចេកទេស ការផ្តល់អាហារូបករណ៍ ជាពិសេសលើការលើកកម្ពស់គុណភាព និងបន្លែ និងផ្លែឈើសុវត្ថិភាព ដែលសកម្មភាពនេះគឺពិតជាស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ លោកសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនឹងបន្ត ហើយក៏មានលទ្ធភាពក្នុងការពង្រឹង និងពង្រីកថែមមួយកម្រិតទៀតផងដែរ ជាពិសេសលើការងារផលិតកម្មសត្វ ដើម្បីចូលរួមជួយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។
នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវសេចក្តីរីករាយ និងអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងកិច្ចសហការយ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងកន្លងមកទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ចំពោះជំនួបនាថ្ងៃនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនពីវឌ្ឍនភាពនៃការអនុវត្តគម្រោងដំណាំសាកវប្បកម្ម ដែលមានឈ្មោះថា "Cambodia Quality Horticulture Initiative" ដែលគម្រោងនេះផ្តោតជាសំខាន់ទៅលើការលើកកម្ពស់គុណភាព និងសុវត្ថិភាពបន្លែនិងផ្លែឈើ តាមរយៈការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP) ក្នុងការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម និងតម្លៃបន្ថែម រួមជាមួយការកសាង សមត្ថភាព និងទំនាក់ទំនងទីផ្សារ ដែលភាគីញ៉ូវេលហ្សេឡង់មានបំណងពង្រីកសកម្មភាពថែមទៀត។
បន្ទាប់ពីបានស្តាប់នូវបទរាយការណ៍អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលគម្រោងកំពុងសម្រេចបាន ហើយលោកបញ្ជាក់ថានឹងចុះពិនិត្យផ្ទាល់នាថ្ងៃស្អែក ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា នៅខេត្តសៀមរាប។ ទន្ទឹមនឹងនេះ ដើម្បីឲ្យគម្រោងទទួលបានជោគជ័យបន្ថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ក្រុមការងាររៀបចំចងក្រងជាឯកសារដើម្បីធ្វើការផ្សព្វផ្សាយ និងបង្កើនការបណ្ដុះបណ្ដាលទាំងបច្ចេកទេស ជំនាញ និងការអនុវត្តដល់ប្រជាកសិករ ធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរបស់គាត់ឆ្លើយតបទៅនឹងបរិបទនៃកំណើនសេដ្ឋកិច្ច។