ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Haikou Zhizhuang Biotechnology Co., Ltd
ចេញផ្សាយ ២៧ ឧសភា ២០១៩
2662
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ០៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Haikou Zhizhuang Biotechnology Co., Ltd ដែលដឹកនាំដោយលោក Peng FA FU និងក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd ដែលតំណាងដោយលោកសាស្ត្រចារ្យវិទ្យាសាស្រ្តស្រូវ HUANG Ming An។ ជំនួបនេះមានគោលបំណងធ្វើការស្វែងយល់ពីសក្តានុពលវិនិយោគលើវិស័យកសិកម្មជារួម និងជាពិសេសសិក្សាបន្ថែមអំពីស្តង់ដារនៃការកែច្នៃស្វាយ បច្ចេកទេសនៃការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត នីតិវិធីច្បាប់និងបច្ចេកទេសនៃការនាំស្វាយស្រស់ចេញ និងរាយការណ៍ជូនជ្រាបពីវឌ្ឍនភាពនៃគម្រោងវិនិយោគលើដំណាំស្រូវពូជ Japonica ផងដែរ។
មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវថា កន្លងមកក្រសួងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងនិងពង្រីកការនាំចេញ ហើយថ្មីៗនេះភាគីចិនបានឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជារហូតដល់ ៤០ម៉ឺនតោន។ ដោយឡែក នៅដើមខែឧសភាកន្លងទៅនេះ កម្ពុជាបានទទួលគោលការណ៍អនុញ្ញាតឲ្យនាំចេញចេកអំបូងលឿងចូលទីផ្សារចិន និងជាពិសេសភាគីទាំងពីរបាននិងកំពុងចរចារលើពិធីសារតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផលស្វាយ មាន ស្រកានាគ ម្រេច ដូង និងទឹកមាត់ត្រចៀកកាំ។ល។ ហើយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិននឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីធ្វើការចុះហត្ថលេខាលើឯកសារផែនការសកម្មភាព និងពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអំពីលក្ខខណ្ឌសម្រូវស្តីពីការនាំស្វាយកម្ពុជាចេញទៅកាន់ប្រទេសចិន។ ឯកឧត្តមបានបញ្ជាក់ជូនភ្ញៀវទៀតថា យោងលើសក្តានុពល ឪកាស និងគោលនយោបាយអនុគ្រោះរបស់រាជរដ្ឋាភិបាល លោកស្វាគមន៍ គាំទ្រ និងផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនលើការវិនិយោគកែច្នៃកសិផល និងជូនពរឲ្យទទួលបានជោគជ័យនាពេលអនាគត។
ជាការឆ្លើយតប ភាគីចិនបានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហការរបស់ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងសហការីលើផែនការវិនិយោគនេះ ហើយលោកក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោលបំណងចំបងរបស់ក្រុមហ៊ុនគឺ វិនិយោគលើការដាំដុះដោយសហការជាមួយកសិករតាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា សាងសង់រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ ហើយលោកសង្ឃឹមថាឯកឧត្តមរដ្ឋមន្រ្តី និងមន្រ្តីជំនាញនឹងជួយគាំទ្រ និងសហការក្នុងការរៀបចំបែបបទសមស្របតាមនីតិវិធីគតិយុត្ត ដើម្បីជាប្រយោជន៍ដល់ភាគីទាំងសងខាង ពិសេសដល់ប្រជាកសិករដែលជាអ្នកអនុវត្តផ្ទាល់។
ចំពោះក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd លោកសាស្រ្តាចារ្យបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានបញ្ជូនមន្រ្តីជំនាញទៅធ្វើទស្សនកិច្ចដើម្បីស្វែងយល់ពីពូជស្រូវ Japonica នៅប្រទេសចិន។ លោកជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ក្រុមហ៊ុនកំពុងរៀបចំដាំដុះស្រូវប្រភេទនេះលើផ្ទៃដី ៣០០ហត នៅខេត្តកំពង់ធំ ហើយសង្ឃឹមថានឹងទទួលផលបានជាង ៦,៥ តោនក្នុង០១ហត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករដើម្បីសាកល្បងដាំដុះ ហើយបានប្រមូលទិញវិញក្នុងតម្លៃ ១០០០រៀលក្នុង០១គីឡូ ដែលស្រុវទាំងនោះបានលក់ចេញទៅប្រទេសវៀតណាម។ អនាគតក្រុមហ៊ុនគ្រោងវិនិយោគបង្កើតរោងម៉ាស៊ីនកិនស្រូវ ស្ថានីយពិសោធន៍ពូជ និងផលិតតកម្មដោយផ្ទាល់។
ឯកឧត្តមរដ្ឋមន្រ្តីបាននវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន ដោយសារសមិទ្ធផលនេះហើយបានធ្វើឲ្យទីផ្សារស្រូវរបស់កសិករកាន់តែបើកទូលាយ និងរក្សាបាននូវតម្លៃ។ ពាក់ព័ន្ធនឹងការពិសោធន៍ និងផលិតពូជ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ គុណភាព និងឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ ជាពិសេសស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ផលិតកម្មស្រូវ គឺត្រូវយកវិស័យឯកជនធ្វើជាដៃគូសហការផលិតជាមួយរដ្ឋ។