ឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតឲ្យ ឯកឧត្តម Hu Wei អនុរដ្ឋមន្ត្រី នៃអគ្គរដ្ឋាបាលគយ សាធារណរដ្ឋប្រជាមានិតចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ចេញផ្សាយ ១៧ មិថុនា ២០១៩
2543
នៅសាលប្រជុំផ្ការមៀត នៃអគារផ្ការំដួល ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៦:០០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតឲ្យ ឯកឧត្តម Hu Wei អនុរដ្ឋមន្ត្រី នៃអគ្គរដ្ឋាបាលគយ សាធារណរដ្ឋប្រជាមានិតចិន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនលើវិស័យកសិកម្ម រួមជាមួយពិធីចុះហត្ថលេខាលើផែនការសកម្មភាព ស្តីពីការជំរុញដំណើរការភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងអគ្គរដ្ឋាបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន។
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ចំណងមិត្តភាពយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិនបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ដោយមហាមិត្តចិនបានដើរតួយ៉ាងសំខាន់ក្នុងការឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេសមកកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ដែលភាគីចិនបាននិងបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងកិច្ច សហការយ៉ាងល្អប្រសើរតាមរយៈការឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជារហូតដល់៤០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឲ្យចេកអំបូងលឿងកម្ពុជាធ្វើការនាំចេញឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កិច្ចព្រមព្រៀងលើផែនការសកម្មភាព ស្តីពីការជំរុញដំណើរការភូតគាមអនាម័យនេះ កម្ពុជារំពឹងថានឹងអាចនាំចេញផ្លែស្វាយទៅកាន់ទីផ្សារចិននាពេលឆាប់ៗខាងមុខនេះ។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានត្រៀមលក្ខណៈជាស្រេច ហើយរង់ចាំផ្តល់កិច្ចសហប្រតិបត្តិការឲ្យអស់លទ្ធភាពក្នុងចរចារជាមួយភាគីចិនអំពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្មមួយចំនួនទៀតដូចជាផ្លែមៀន ស្រកានាគ ដូង ម្រេច និងទឹកមាត់ត្រចៀកកាំ ដែលផលិតផលទាំងអស់នេះកំពុងមានសក្តានុពលទាំងការផលិត និងតម្រូវការទីផ្សារខ្ពស់នៅប្រទេសចិន ដូច្នេះស្នើដល់ភាគីចិនពិនិត្យ ពិចារណាជំរុញ និងពន្លឿនដំណើរការចរចានេះឲ្យបានឆាប់រហ័ស។
នាឱកាសនេះ ឯកឧត្តម Hu Wei បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ហើយលោកជម្រាបថា គោលបំណងសំខាន់ក្នុងដំណើរទស្សនកិច្ចនាផ្លូវការនាពេលនេះ គឺដើម្បីជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកក៏បានបញ្ជាក់ផងដែរថា អង្ករ ដំឡូងមី និងចេកអំបូងលឿងរបស់កម្ពុជាបានចូលដល់ទីផ្សារចិនប្រកបដោយសុវត្ថិភាព និងកំពុងទទួលបានការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំង ហើយលោកសង្ឃឹមថា ភាគីកម្ពុជានឹងអាចរក្សាបាននូវផលិតភាព និងជាពិសេសគុណភាព ដើម្បីធានាដល់និរន្តរភាពនៃទីផ្សារ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នារសៀលនេះ ភាគីទាំងពីរបានឯកភាពគ្នាលើការងារពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដោយផ្តោតលើប្រធានបទសំខាន់ៗមានជាអាទិ៍៖
ទី១. ការផ្លាស់ប្តូរបទពិសោធន៍ និងសហការគ្នាលើការងារអនាម័យ និងភូតគាមអនាម័យទាក់ទងនឹងដំណាំរុក្ខជាតិ និងឈើហូបផ្លែ។
ទី២. បង្កើតកិច្ចសហប្រតិបត្តិការត្រីភាគីរវាងអង្គការសហប្រ ជាជាតិ អគ្គរដ្ឋាបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើស្ទួយ និងអភិវឌ្ឍន៍វិស័យកសិកម្មថែមមួយកម្រិតទៀត។
ទី៣. ដើម្បីជំរុញ និងពន្លឿនការងារចរចារលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យពាក់ព័ន្ធនឹងផលិតផលស្វាយ មៀន ម្រេច និងផលិតផលកសិកម្មកម្ពុជាដទៃទៀតឲ្យបានឆាប់រហ័ស ដើម្បីឲ្យផលិតផលទាំងនោះ អាចនាំចូលទៅទីផ្សារចិនក្នុងរយៈពេលឆាប់ៗខាងមុខនេះ ភាគីទាំងពីរបានឯកភាពគ្នា បង្កើតក្រុមការងារ និងជនបង្គោលតំណាងឲ្យភាគីទាំងពីរ។
ទី៤. ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យ ជ្រើសរើស វាយតម្លៃ បង្កើន និងផ្តល់គោលការណ៍អនុញ្ញាតដល់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវកម្ពុជាបន្ថែមទៀត ធ្វើយ៉ាងណាសម្រេចបាននូវកូតា៤០០ពាន់តោនដែលបានអនុញ្ញាត។
ទ៥. ពិនិត្យវឌ្ឍនភាព និងស្ថានភាពនៃការស្នើសុំជាផ្លូវការរបស់ភាគីកម្ពុជាក្នុងការនាំចេញត្រីទៅទីផ្សារចិន។