ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចុះពិនិត្យសសមិទ្ធផលគម្រោងស្តីពីការអភិវឌ្ឍន៍ និងពង្រីកការដាំដំណាំជាលក្ខណ: អាជីវកម្ម "ស៊ី អេ ឌី អេហ្វ កូដ"
ចេញផ្សាយ ១៧ មិថុនា ២០១៩
3005
នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យសសមិទ្ធផលគម្រោងស្តីពីការអភិវឌ្ឍន៍ និងពង្រីកការដាំដំណាំជាលក្ខណ: អាជីវកម្ម "ស៊ី អេ ឌី អេហ្វ កូដ" នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ដែលគម្រោងនេះបានទទួលជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលនូវេលហ្សេឡង់ តាមរយ:កម្មវិធីសម្រប សម្រួលការអភិវឌ្ឍន៍មុខជំនួញកសិកម្មកម្ពុជារបស់អង្គការ អាយ ឌី អុី កម្ពុជា។
តាមរបាយការណ៍របស់គម្រោងបានឲ្យដឹងថាគម្រោងនេះមានរយ:ពេល ០៥ឆ្នាំ (២០១៤- ២០១៩) ដោយអនុវត្តនៅលើខេត្តគោលដៅចំនួន០៣ គឺខេត្តសៀមរាប បន្ទាយមានជ័យ និងខេត្តឧត្តមានជ័យ។ គម្រោងមានគោលបំណងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករក្នុងខេត្តគោល ដៅទាំង០៣ តាមរយ:ការអភិវឌ្ឍន៍ និងពង្រីកការដាំដំណាំជាលក្ខណ:អាជីវកម្ម។ បច្ចុប្បន្ន មានកសិករជាង ៣៥០០គ្រួសារ បានទទួលផលពីគម្រោងតាមរយ:ការប្រកាន់យករបរដាំបន្លែច្រើន ប្រភេទដោយធ្វើការកែប្រែពីការដាំដុះតាមទម្លាប់ មកធ្វើការដាំដុះតាមលក្ខណ:ប្រពលវប្បកម្មដោយប្រើបច្ចេកទេសកសិកម្មថ្មីៗសមស្របតាមលទ្ធភាព ការប្រែប្រួលអាកាសធាតុ និងតម្រូវការទីផ្សារ។
មានប្រសាសន៍សំណេះសំណាលជាមួយកសិករដាំត្រសក់ទ្រើង លោកបានសម្តែងទឹកចិត្តសប្បាយរីករាយ អបអរសាទរ និងបន្តលើកទឹកចិត្តគាំទ្របន្ថែមទៀតដល់ពួកគាត់ដែលប្រកាន់ យកអាជីពដាំបន្លែព្រោះវាបានជួយបង្កើនប្រាក់ចំណូល បង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក កសិករមានការងារធ្វើ កាត់បន្ថយចំណាកស្រុក និងភាពក្រីក្រ និងជាពិសេសសមស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោដែលបានលើកទឹកចិត្តឲ្យកសិករដាំបន្លែសុវត្ថិភាពឲ្យបានច្រើនដើម្បីសុខភាព និងកាត់បន្ថយការនាំចូល។ តាមការឲ្យដឹងរបស់ម្ចាស់ចំការឈ្មោះដែន ហៀ ដែលបានដាំបន្លែត្រសក់ទ្រើង ត្រប់ ប៉េងប៉ោះ។ល។ លើផ្ទៃដី ៥ហត បញ្ជាក់ថាក្នុង ១ឆ្នាំ គាត់អាចរកចំណូលជាមធ្យមបានជាង ២ម៉ឺនដុល្លារពីចំការនេះ។ នេះជាកសិករគំរូមួយក្នុងឃុំដែលប្រែក្លាយខ្លួនជាកម្មករសំណង់រកព្រឹកខ្វះល្ងាច មកធ្វើកសិពាណិជ្ជកម្មវិញដោយទទួលបានជោគជ័យ និងកំពុងសិក្សាពង្រីកអាជីពនេះបន្ថែមនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ ចំពោះឆន្ទ:របស់គាត់ និងកសិករផ្សេងៗទៀត ព្រោះលោកបានបញ្ជាក់ថាចំណូលនេះគឺសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ ដូច្នេះលោកបានឲ្យមន្ទីរកសិកម្ម សហការជាមួយគម្រោងបន្តពង្រឹងការផ្សព្វផ្សាយបច្ចេកទេសដាំដុះបន្ថែម ដូចជាពូជ ការថែទាំ ការការពារជំងឺ ដើម្បីបង្កើនផលិតកម្ម ធានាគុណភាព និងជាពិសេសបង្រៀងឲ្យពួកគាត់ចេះធ្វើអាជីវកម្មតាមរយ:ធ្វើការវេចខ្ចប់ផលិតផលឲ្យបានល្អសមស្របតាមតម្រូវការទីផ្សារ សណ្ឋាគារ និងភោជនីយដ្ឋានធំៗទើបអាចបង្កើនតម្លៃបន្ថែមបានខ្ពស់។