នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ សីហា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសម្របសម្រួលវគ្គបណ្តុះបណ្តាលស្ដីពី សុវត្ថិភាពចំណីអាហារ និងការទុកដាក់ក្រោយប្រមូលផល។ វគ្គបណ្ដុះបណ្ដាលនេះគាំទ្រដោយគម្រោងបន្លែគុណភាពកម្ពុជា ក្រោមកិច្ចសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះ ធ្វើនៅតាមខេត្តដាច់ដោយឡែកពីគ្នា ដោយថ្ងៃទី២៧ សីហា ២០២៤ ធ្វើនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ ដែលមានសិក្ខាកាមជាមន្ត្រីកសិកម្មឃុំចូលរួម មកពីខេត្តកំពង់ស្ពឺ១២នាក់ និងមន្ត្រីកសិកម្មឃុំមកពីស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំង ៧នាក់។
ចំណែក នៅថ្ងៃទី២៨ សីហា ២០២៤ វគ្គបណ្ដុះបណ្ដាលរៀបចំធ្វើនៅសណ្ឋាគារអាលីវីឡាខេត្តតាកែវ ដោយមានមន្ត្រីកសិកម្មខេត្តតាកែវចូលរួម២០នាក់ និងថ្ងៃទី២៩ សីហា ២០២៤ ធ្វើនៅសណ្ឋាគារមិត្តភាពខេត្តកំពត មានមន្ត្រីកសិកម្មខេត្តតាកែវចូលរួម១៣នាក់ និងមន្ត្រីកសិកម្មឃុំមកពីខេត្តកណ្តាល៦នាក់។
ជាការកត់សម្គាល់ នេះជាការបណ្តុះបណ្តាលវគ្គទី៣ ផ្តោតលើសុវត្ថិភាពចំណីអាហារ និងការទុកដាក់ក្រោយប្រមូលផល ដែលគាំទ្រដោយគម្រោងបន្លែគុណភាពកម្ពុជា និងមានការសម្របសម្រួលពីមន្ត្រីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃការិយាល័យតំបន់ឆ្នេរ។
ឯកឧត្តម ខាត់ សុធី ជឿជាក់ថា មន្ត្រីកសិកម្មដែលបានទទួលការបណ្តុះបណ្តាលនាពេលនេះ នឹងយកចំណេះដឹងទៅបញ្ជ្រាបដល់កសិករគោលដៅ ជាពិសេសទាក់ទងការទុកដាក់ក្រោយប្រមូលផល៕