នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន៥រូប ដើម្បីចូលរួមសិក្ខាសាលាស្តីពី កសិកម្មតាមបែបឌីជីថលរបស់ប្រទេស ជាសមាជិកនៃគម្រោងមេគង្គឡាងចាង (Digital Agriculture for Mekong Lancang Countries) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី0៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក MA Zhigang អគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបតិ្តការសេដ្ឋកិច្ចបរទេស (Foreign Economics Cooperation Center) នៃក្រសួងកសិកម្ម និងកិច្ចការជនបទ ប្រទេសចិន ដែលរួមមានសមាសភាពចូលរួម ពីប្រទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងប្រទេសចិន សរុបចំនួន៣០នាក់។
សូមបញ្ជាក់ថា សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណង ដូចជា៖ ១.ចែករំលែកបទពិសោធន៍ និងលទ្ធផលសម្រេចបានក្នុងការអនុវត្តកសិកម្មតាមបែបឌីជីថល ការងារកសិកម្មចិន និងកិច្ចការជនបទរបស់ប្រទេសចិន ២. ពង្រឹងវិសាលភាពនៃការអភិវឌ្ឍវិស័យកសិកម្មរបស់ប្រទេសជាសមាជិក មេគង្គឡាងចាង ៣. ជំរុញការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មក្នុងតំបន់មេគង្គ និងការធ្វើឱ្យសម្រេចបានតាមការ ការកំណត់នានារបស់ថ្នាក់ដឹកនាំលើវិស័យកសិកម្ម ព្រមទាំងការលើកទឹកចិត្តដល់ប្រទេសជាសមាជិកក្នុងការលើកគម្រោងសំណើរថ្មីៗ ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ក្នុងវិស័យកសិកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពនៃផលិតកម្ម៕