ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញចុះពិនិត្យសកម្មភាពគម្រោងនូរីស (Nourish)
ចេញផ្សាយ ២០ មីនា ២០១៩
3035
កម្មវិធីទី១÷ ភូមិពួកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញចុះពិនិត្យសកម្មភាពគម្រោងនូរីស (Nourish) ដែលគម្រោងនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់ស្រ្តី និងកុមារតាមរយ:សកម្មភាពជាពហុវិស័យប្រកបដោយប្រសិទ្ធភាពនៅក្នុងអំឡងពេល ១០០០ថ្ងៃដំបូងនៃជីវិត ពីស្រ្តីមានគ័ភរហូតដល់កុមារមានអាយុ២ឆ្នាំ។ គម្រោងបានលើកទឹកចិត្តឲ្យសមាជិកសហគមន៍មកជួបជុំគ្នារៀងរាល់ ១ខែម្តងដើម្បីមកតាមដានពីការលូតលាស់របស់កុមារ និងជាពិសេសបានទទួលចំណេះដឹងបន្ថែមទាក់ទងនឹងការថែរក្សាកុមារ ការបំបៅកូន ការផ្តល់អាហារបន្ថែមដល់កុមារក្រៅពីទឹកដោះម្តាយ និងការងារបច្ចេកទេសដាំដុះដំណាំ និងចិញ្ចឹមត្រី ហើយព្រមជាមួយគ្នានោះ កុមារតូចៗដែលមកតាមម្តាយ គេអាចចូលរួមអានសៀវភៅល្អៗទាក់ទងនឹងអាហាររូបត្ថម្ភ។
ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីជាអនុប្រធានក្រុមព្រឹក្សាស្ដារនិងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកការងារ បច្ចេកទេសសន្តិសុខស្បៀង ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរ:គម្រោង USAID ដែលបាននិងកំពុងបន្តជួយគាំទ្រ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយលោកសង្ឃឹមនិងជឿ ជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងនៅតែបន្តជួយឧបត្ថម្ភ គាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាបន្តទៀត។ ចំពោះគម្រោងនូរីស ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធដែលបានប្រឹងអស់លទ្ធភាពដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យ ជាពិសេសក្នុងការលើកកម្ពស់ដល់សុខភាព និងអាហារូបត្ថម្ភដល់នារីជាម្តាយ និងកុមារ។
ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ដើម្បីឲ្យគម្រោងនេះទទួលបានជោគជ័យបន្ថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យម្ចាស់គម្រោងគិតគូផ្តល់ការគាំទ្រលើការងារបណ្តុះបណ្តាល ជាពិសេសផ្នែកជំនាញ ដើម្បីជួយប្រែក្លាយពួកគាត់ពីអ្នកផលិតដើម្បីតែផ្គត់ផ្គង់ក្នុងគ្រួសារ ទៅជាកសិ-ពាណិជ្ជករសម្រាប់ផលិតដើម្បីផ្គត់ផ្គង់ទីផ្សារ ដែលនេះជាប្រភពចំណូលដ៏រឹងមាំ ស្ថិតស្ថេរ មាននិរន្តរភាព និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ ជាមួយនេះគួរជួយពិនិត្យពិចារណាលើលទ្ធភាពបង្កើតគម្រោងចិញ្ចឹមគោទឹកដោះ និងប្រើប្រាស់បច្ចេកវិទ្យាគាំទ្របន្ថែមទៀតដើម្បីឲ្យការងារកែច្នៃ ឬដាំដុះ មានលក្ខណល្អប្រសើរ ចំណេញពេល កំលាំងពលកម្ម និងធានាបានគុណភាព និងអនាម័យ។
សូមបញ្ជាក់ថា គម្រោងនូរីសនេះគឺមានរយៈពេល០៦ឆ្នាំ ពីឆ្នាំ២០១៤ រហូតដល់ ឆ្នាំ២០២០ ដោយមានទឹកប្រាក់ឧបត្ថម្ភគាំទ្រសរុបជាង ១៩លានដុល្លារអាមេរិក។