ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាកិត្តិយសក្នងកម្មវិធីពិភាក្សា និងពិសារអាហារថ្ងៃត្រង់ដែលរៀបចំដោយ EuroCham Cambodia នៅសណ្ឋាគារ Sofitel Phokeethra Phnom Penh
ចេញផ្សាយ ២២ កុម្ភៈ ២០១៩
2817
ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ តម្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាកិត្តិយសក្នងកម្មវិធីពិភាក្សា និងពិសារអាហារថ្ងៃត្រង់ដែលរៀបចំដោយ EuroCham Cambodia នៅសណ្ឋាគារ Sofitel Phokeethra Phnom Penh។ កម្មវិធីនេះក៏មានការចូលរួមពីឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Blaise Kilian នាយកប្រតិបត្តិ EuroCham ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ អគ្គនាយក តំណាងក្រុមហ៊ុន និងសមាគមដែលវិនិយោគលើវិស័យកសិកម្មប្រមាណជាង ១០០ក្រុមហ៊ុន។
គោលបំណងសំខាន់របស់កម្មវិធីនេះ គឺដើម្បីផ្តល់ឱកាសឱ្យវិនិយោគិនដែលបានអញ្ជើញមកពីគ្រប់មជ្ឈដ្ឋានដើម្បីសាកសួរ ផ្លាស់ប្តូរ និងស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀតអំពីទស្សនវិស័យ គោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មពីឯកឧត្តមរដ្ឋមន្ត្រី ដែលវិស័យនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ធានាសន្តិសុខស្បៀង អាហាររូបត្ថម្ភ បង្កើនប្រាក់ចំណូលគ្រួសារ កាត់បន្ថយភាពក្រីក្រ បង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក។
កម្មវិធីបានដំណើរទៅដោយរលូន យោគយល់ ចែករំលែក ផ្លាស់ប្តូរព័ត៌មានសំខាន់ៗ និងសហប្រតិបត្តិការយ៉ាង ល្អប្រសើររវាងរដ្ឋ និងវិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស ហើយផលិតបាននូវទស្សនទុនជាចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់ធ្វើការវិនិច្ឆ័យក្នុងការសម្រេចចិត្តបន្តធ្វើការវិនិយោគ ឬដាក់ទុនវិនិយោគលើវិស័យកសិកម្មដែលកំពុងមានសក្តានុពលសម្រាប់ធ្វើការអភិវឌ្ឍក្នុងពេលអនាគត។