ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរជាមួយឯកឧត្តម វ៉ា ថន និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីរុក្ខទិវា
ចេញផ្សាយ ២៧ ឧសភា ២០១៩
2737
នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំព្រះរាជពិធីរុក្ខទិវាដែលឆ្នាំនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងប្រារព្វនៅថ្ងៃទី០៩ ខែកក្កដា ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
បន្ទាប់ពីបានដើរពិនិត្យពីស្ថានភាពរួមរបស់ទីតាំងដាំរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់លើសមិទ្ធផលដែលក្រុមការងារសម្រេចបាន។ ទន្ទឹមនឹងនេះ លោកសូមឲ្យក្រុមការងារខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាឲ្យគម្រោងរៀបចំប្រារព្វព្រះរាជពិធីនេះរួចរាល់សព្វគ្រប់បានទាន់ពេលវេលាដូចដែលបានគ្រោងទុក។ មួយវិញទៀតរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំផែនការ និងបន្តសកម្មភាពដាំដុះឲ្យបានពេញលេញលើផ្ទៃដី ៩៨៧ហត នេះ និងតំបន់ផ្សេងៗទៀត ដើម្បីបង្កើនគម្របព្រៃឈើបៃតងឡើងវិញ ជាពិសេសនៅតាមវិថីនានាក្នុងទីរួមខេត្ត។ ដោយឡែក ដោយសង្កេតឃើញពីសក្តានុពល និងវិសាលភាពនៃដីនៅក្នុងទីតាំងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មគួរសិក្សាពីគុណភាពដី និងលក្ខខណ្ឌអំណោយផលផ្នែកក្សេត្យបរិស្ថាន រួចសហការជាមួយរដ្ឋបាលព្រៃឈើ និងមន្ទីរខេត្តក្នុងការបង្កើតស្ថានីយពិសោធន៍និងផលិតពូជដំណាំ ដូចជាពូជដំឡូងមី ដើម្បីធ្វើការផ្សព្វផ្សាយ និងចែកជូនកសិករដើម្បីធានាបានគុណភាព កាត់បន្ថយបញ្ហាជំងឺឆ្លង និងការនាំចូលពូជពីក្រៅប្រទេស។