នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារអន្តរក្រសួងបានប្រជុំសមាសភាពជាលើកដំបូង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ និងសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម ឃឹម ហ្វីណង់ អនុ មន្រ្ដី និងទីប្រឹក្សាគម្រោងពាក់ព័ន្ធ ក្នុងគោលបំណងបង្ហាញសមាសភាពក្រុមការងារ និងពិភាក្សាចំហរការកំណត់ជ្រើសរើសទីតាំង និងសកម្មភាព កម្មវិធីអនុវត្ត មានលក្ខណៈសម្របសម្រួល សមាហរណកម្មគ្នា។
នៅក្នុងអង្គប្រជុំ ក្រុមការងារអន្តរក្រសួង បានសម្រេចបូកសរុបលទ្ធផលសំខាន់ជាគោល ការកំណត់គោលដៅយុទ្ធសាស្ត្រដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដោយចាប់ផ្តើម ពីសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមគំរូ សំដៅជួយដល់សហគមន៍គោលដៅតាមមូលដ្ឋាន (MAC/FWUC/MV) ឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរិមា។
តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារអន្តរក្រសួង ប្តេជ្ញាបន្តធ្វើការរួមគ្នាជាប់លាប់ តាមរយៈលេខាធិការដ្ឋាន ដោយមានរបបប្រជុំទៀងទាត់រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត។
សហប្រធានទាំង៣រូប អាចដាក់សំណើមកលេខាធិការដ្ឋាន ក្នុងការលើកសំណើជូនសហប្រធាន២រូបទៀត ពិនិត្យសម្រេចលើការងារដែលស្នើសុំក្រសួង២ទៀត ពិនិត្យសម្រេច ដើម្បីចូលរួមសកម្មភាព ដោយកំណត់ពេលមិនលើសពី១ខែ ក្រោយកិច្ចប្រជុំលើកទី១ និងលើកសំណើក្នុងកិច្ចប្រជុំលើកក្រោយ៕