ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាឲ្យលោកបណ្ឌិត ROBERT POPE នាយកអង្គការ Defense Threat Reduction Agency (DTRA) និងសហការីចូលជួបសម្តែងការគួរសម
ចេញផ្សាយ ០៦ ឧសភា ២០១៩
2955
នៅទីស្តីការក្រសួងនារសៀលថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោកបណ្ឌិត ROBERT POPE នាយកអង្គការ Defense Threat Reduction Agency (DTRA) និងសហការីចូលជួបសម្តែងការគួរសម និងស្វែងយល់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងវិស័យកសិកម្ម ដោយឡែកអនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ដែល DTRA កំពុងជួយលើអនុវិស័យនេះ។
មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមឲ្យរាជរដ្ឋា ភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាននិងកំពុងជួយគាំទ្រក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តគម្រោងនានាដែលពាក់ព័ន្ធវិស័យកសិកម្ម ជាក់ស្តែងអង្គការ DTRA កំពុងសហការអនុវត្តគម្រោងមួយចំនួនជាមួយអគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ដូចជាការការពារសុខភាពសត្វ និងជំងឺឆ្លងសត្វ។ ទាក់ទងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វីក ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនភ្ញៀវថា ដើម្បីចៀសវាងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះមកលើផលិតកម្មជ្រូកនៅកម្ពូជា ក្រសួងបានផ្អាកការអនុញ្ញាតឲ្យនាំជ្រូកចូលពីប្រទេសដែលកំពុងកើតជំងឺនេះ។ ព្រមជាមួយគ្នានេះ ក្រសួងបានជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនឬកសិករងាកមកចិញ្ចឹមជ្រូកក្នុងស្រុកដើម្បីបំពេញតម្រូវការទីផ្សារ។ លោកសង្ឃឹមថាប្រទេសជាដៃគូ និងដៃគូអភិវឌ្ឍនានានឹងបន្តរួមគ្នាទប់ស្កាត់បញ្ហាជំងឺនេះឲ្យខាងតែបានទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
លោកបណ្ឌិត ROBERT POPE បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួង ក៏ដូចជាអគ្គនាយកដ្ឋានលិតកម្មសត្វ និងសុខភាពសត្វសម្រេចបានក្នុងរយៈពេលកន្លងមក ជាពិសេសបានដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ទន្ទឹមនេះ លោកបានថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រុមការងារនៃអង្គការ DTRA។ លោកបានបន្ថែមថា នៅមានការងារជាច្រើនដែលត្រូវអនុវត្តរួមគ្នាដើម្បីធ្វើឲ្យសម្រេចបាននូវគោលបំណងសំខាន់គឺទី១ អភិវឌ្ឍធនធានមនុស្ស ទី២ ការងារស្រាវជ្រាវ និងទី៣ ការធ្វើឲ្យប្រសើរ និងលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍ និងទី៤ ការងារតាមដានជំងឺឆ្លងសត្វក្នុងតំបន់ ដែលកម្មវត្ថុទាំងអស់នេះគឺស្ថិតក្នុងផែនការនៃគម្រោងដែលត្រូវជួយមកកម្ពុជាសម្រាប់រយៈពេល ០៦ឆ្នាំ (២០១៩-២០២៥)។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់អង្គការ DTRA និងសង្ឃឹមនិងជឿជាក់ថាអង្គការនេះនឹងបន្តជួយគាំទ្រដល់អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វក្នុងការទប់ស្កាត់ជំងឺឆ្លងសត្វគ្រប់ប្រភេទដើម្បីជួយលើកកម្ពស់ផលិតកម្មសត្វ និងសុខភាពសត្វនៅកម្ពុជាឲ្យបានកាន់តែល្អប្រសើរ។