ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តដំណើរមកខេត្តកំពង់ធំដើម្បីពិនិត្យឃ្លាំងស្តុក ឡសម្ងួត និងរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ (Amru Rice)
ចេញផ្សាយ ២៨ ឧសភា ២០១៩
2924
ចេញដំណើរពីខេត្តព្រះវិហារ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តដំណើរមកខេត្តកំពង់ធំដើម្បីពិនិត្យឃ្លាំងស្តុក ឡសម្ងួត និងរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ (Amru Rice) ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុននាំមុខក្នុងការនាំចេញអង្ករ និងបានចូលរួមអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយប្រជាកសិករ និងសហគមន៍បានយ៉ាងល្អប្រសើរ។ ក្នុងរោងចក្រ ជារួមក្រុមហ៊ុនបានរៀនចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ដើម្បីធានាដល់គុណភាពផលិតអង្ករ ដោយបំពាក់ប្រព័ន្ធកុំព្យូទ័រទំនើបៗតាមស្តង់ដារតម្រូវនៃទីផ្សារនាំចេញ។
លោកម្ចាស់ក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងប្រមូលទិញស្រូវពីសហគមន៍ និងកសិករដែលបានចុះកិច្ចសន្យាក្នុងខេត្តគោលដៅចំនួន ០៧ មានខេត្តព្រះវិហារ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ បាត់ដំបង កំពង់ចាម និងខេត្តកំពង់ធំ ដើម្បីយកមកផ្គត់ផ្គង់ឲ្យខ្សែច្រវាក់ផលិតកម្ម រួចធ្វើការលក់ចេញទៅទាំងទីផ្សារក្នុង និងក្រៅស្រុក ហើយអ្វីដែលគួរឲ្យកោតសរសើរនោះគឺ ថ្មីៗនេះក្រុមហ៊ុនបានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនសាន់រាយ អូស្រ្តាលី ដើម្បីនាំអង្ករកម្ពុជាទៅកាន់ទីផ្សារអូស្រ្តាលីផងដែរ។
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រៃងរបស់ក្រុមហ៊ុនរហូតទទួលបាននូវសមិទ្ធផលដ៏ល្អធំធេងនាពេលនេះ។ លោកបានបន្តថាសមិទ្ធផលនេះ បានឆ្លុះបញ្ចាំងពីចំណុចវិជ្ជមាននៃកំណែទម្រង់ដ៏សមស្របរបស់វិស័យកសិកម្ម ស្របជាមួយនិងគោលនយោបាយដ៏ត្រឹមត្រូវ និងឆ្លាតវៃបំផុតពីប្រមុខរាជរដ្ឋាភិបាល។
លោកបន្ថែមថា ការធ្វើពាណិជ្ជូបនីយកម្ម ទំនើបកម្មកសិកម្ម និងការប្រែក្លាយប្រជាកសិករទៅជា កសិពាណិជ្ជករគឺជាឆន្ទ:ចំបងមួយរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។