កិច្ចប្រជុំលើកទី៦ របស់មន្ត្រីបង្គោលថ្នាក់ជាតិសម្រាប់ផ្នែកប្រព័ន្ធផ្តល់ព័ត៌មានបន្ទាន់ស្តីពីស្បៀង និងចំណីសត្វរបស់អាស៊ាន (6th ARASFF NCP)
ចេញផ្សាយ ១៤ សីហា ២០១៨
15667
នាយកដ្ឋានសហប្រតិបតិ្តការអន្តរជាតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំអាស៊ានស្តីពី កិច្ចប្រជុំលើកទី៦ របស់មន្ត្រីបង្គោលថ្នាក់ជាតិសម្រាប់ផ្នែកប្រព័ន្ធផ្តល់ព័ត៌មានបន្ទាន់ស្តីពីស្បៀង និងចំណីសត្វរបស់អាស៊ាន (6th ARASFF NCP) ដែលបានប្រព្រឹត្តពីថ្ងៃទី ៧-៨ ខែសីហា ឆ្នាំ២០១៨ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជាដែលមានខ្លឹមសារដូចខាងក្រោម ៖
លោកបណ្ឌិត ស៊ន សាន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាងឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំលើកទី៦ របស់មន្ត្រីបង្គោលថ្នាក់ជាតិសម្រាប់ផ្នែកប្រព័ន្ធផ្តល់ព័ត៌មានបន្ទាន់ស្តីពីស្បៀង និងចំណីសត្វរបស់អាស៊ាន ដែលបានប្រព្រឹត្តពីថ្ងៃទី ៧-៨ ខែសីហា ឆ្នាំ២០១៨ នៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពី បណ្តារដ្ឋសមាជិកអាស៊ាន តំណាងកម្មវិធីគាំទ្រសមាហរណកម្មតំបន់អាស៊ានដោយសហភាពអឺរ៉ុប (EU-ARISE) តំណាងលេខាធិការដ្ឋានអាស៊ាន និងមន្រ្តីជំនាញនានាផងដែរ។ លោកបណ្ឌិត ស៊ន សាន បានថ្លែងសុន្ធរកថា បើកកិច្ចប្រជុំ និងបានលើកឡើងអំពីគោលបំណងនៃកិច្ចប្រជុំដោយផ្តោតទៅលើៈ
- ការការពារសុខភាពប្រជាជនពីហានិភ័យបណ្តាលមកពីស្បៀងអាហារ និងចំណីសត្វ ដែលគំនិតផ្តួច ផ្តើមនេះត្រូវបានគាំទ្រដោយកិច្ចប្រជុំលើកទី២៩ SOM-AMAF នៅថ្ងៃទី ៥-៧ ខែសីហា ឆ្នាំ២០០៨ នៅទីក្រុងឈៀម៉ៃ ប្រទេសថៃ និងកិច្ចប្រជុំលើកទី៣០ SOM-AMAF នៅថ្ងៃទី ១១-១៣ ខែសីហា ឆ្នាំ២០០៨ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ព្រមទាំងពិចារណានិងស្នើសុំការគាំទ្រពី ARASFF និងប្រតិបត្តិការដែលជាឧបករណ៍ផ្លូវការរបស់អាស៊ាន ក្នុងការផ្លាស់ប្តូរព័ត៌មានសុវត្ថិភាពស្បៀងអាហារ និងចំណីសត្វ ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ស្របតាមមាត្រទី ៨២ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មផលិតផលអាស៊ាន (ATIGA) សម្រាប់ផ្លាស់ប្តូរព័ត៌មានអនាម័យ និងភូតគាមអនាម័យ(SPS) ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ឬការណែនាំអំពីបទបញ្ញាតិ្ត និងស្តង់ដាពាក់ព័ន្ធ SPS របស់រដ្ឋសមាជិកអាស៊ាន។
- កិច្ចប្រជុំនេះនឹងពិភាក្សាទៅលើ គម្រោងសុវត្តិភាពស្បៀងអាហារ និងចំណីសត្វអាស៊ាន និងលក្ខខណ្ឌយោង នៃគណៈកម្មការតម្រង់ទិសចំណីសត្វលើផ្នែកប្រព័ន្ធផ្តល់ព័ត៌មានបន្ទាន់ស្តីពីស្បៀង និងចំណីសត្វរបស់អាស៊ាន សម្រាប់គាំទ្រ ARASFF និងផែនការសកម្មភាពនៃ ARASFF 2018-2020។