នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅសំរាប់អនុវត្តឆ្នាំ២០២៤ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៏ និងគណៈចលនាស្ត្រី ក្រោមអធិបតីភាពសម្តេចគតិសង្ហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមនារី ដើម្បីសន្តិភាពនិងអភិវឌ្ឍ ដែលមានសមាសភាពចូលរួមចំនួនជាង២០០នាក់។
ក្នុងសន្និបាតនោះ លោកជំទាវថ្លែងទៅកាន់អង្គពិធី ឱ្យចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យបានជោគជ័យ ដោយត្រូវពង្រឹងនូវរចនាសម្ព័ន្ធសមាគមនារី និងក្រុមការងារចលនាស្ត្រីនៅគ្រប់លំដាប់ ថ្នាក់ និងពង្រឹងប្រសិទ្ធិភាពដឹកនាំ និងកិច្ចសហប្រតិបត្តិការពីថ្នាក់កណ្តាលដល់ថ្នាក់មូលដ្ឋាន ពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំជាស្ត្រី តាមរយ:ការបណ្តុះបណ្តាលជំនាញ ជាពិសេស ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងយុគសម័យឌីជីថល។
បន្ថែមពីនេះ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនារីបណ្តាប្រទេសជាមិត្តនៅក្នុង តំបន់ និងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ម្ចាស់មូលនិធិ សប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ ជាផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសស្ត្រី កុមារ និងពង្រឹងការផ្សព្វផ្សាយជូនប្រជាជនឱ្យមានការប្រុងប្រយ័ត្ន នូវការប្រែប្រួលអាកាសធាតុ និងការកើនឡើងនូវកំដៅនៃផែនដី ដែលអាចធ្វើប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕