នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារ ដែលរួមមាន លោកយឹម សារុំ ទីប្រឹក្សាក្រសួងកសិកម្ម និងមន្ត្រីកសិកម្មឃុំព្រៃជ្រូក ឃុំសំរោងយា ឃុំសំបួរ ឃុំស្រណាល ឃុំកណ្ដែក និងឃុំត្រពាំងធំ ចុះទៅពិនិត្យមើលស្រែកសិករដែលផលិតស្រូវផ្ការំដួល ដោយប្រើប្រាស់ជីសរីរាង្គទ្រាប់បាត និងបាញ់បំប៉នជីសរីរាង្គ ស្ថិតនៅក្នុងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។
ក្នុងដំណើរចុះពិនិត្យនោះ ប្រជាកសិករបានឱ្យដឹងថា ការប្រើប្រាស់ជីសរីរាង្គទ្រាប់បាត និងការបាញ់បំប៉នដោយប្រើជីសរីរាង្គបានធ្វើឱ្យទិន្នផលស្រូវកើនឡើង កាត់បន្ថយថ្លៃដើមផលិត បង្កើនគុណភាព បង្កើនតម្លៃ នាំឱ្យកសិករទទួលបានប្រាក់ចំណេញច្រើនជាងមុន ព្រមទាំងរក្សាបាននូវគុណភាពដី និងលើកកម្ពស់នូវក្សេត្របរិស្ថាននៃដំណាំស្រូវ ។
ឯកឧត្តម ខាត់ សុធី បានផ្ដល់អនុសាសន៍ដល់កសិករឱ្យគិតគូរពីឣត្ថប្រយោជន៍នៃការប្រើប្រាស់ពូជសុទ្ធ និងត្រឹមត្រូវតាមបរិមាណស្តង់ដារបច្ចេកទេស ដែលអាចកាត់បន្ថយហានិភ័យពីការបំផ្លាញនៃសមាសភាពចង្រៃផ្សេងៗ។
ឯកឧត្តមគូសបញ្ជាក់ថា ការប្រើប្រាស់បរិមាណពូជច្រើនហួសប្រមាណនឹងនាំឱ្យស្រូវដុះញឹកណែនពេក និងលូតលាស់មិនបានល្អ។ បន្ថែមពីនោះឯកឧត្តមក៏បានណែនាំមន្ត្រីកសិកម្មឃុំ សូមពន្យល់កសិករដែលមានស្រែនៅជិតៗនៅតំបន់នោះ អាចពិចារណាចងក្រងគ្នាជាក្រុមផលិត ដើម្បីឆ្ពោះទៅកសាងសហគមន៍កសិកម្មទំនើបផងដែរ៕