នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំតុមូល ស្តីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ការរៀបចំកិច្ចប្រជុំតុមូលជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់រួមទាំងវិស័យឯកជនផងដែរ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យអំពីលទ្ធភាពរបស់ប្រទេសយើងក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី បញ្ហាប្រឈមពាក់ព័ន្ធ SME ដើម្បីបង្កើនភាពម្ចាស់ការ ការវិនិយោគក្នុងស្រុក កាត់បន្ថយការនាំចូល និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋជាដើម ដែលទទួលអនុវត្តន៍ស្របទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានលើកឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកសិករ វារីវប្បករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីទឹកសាបបាទី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកពាមរក៍ ខេត្តព្រៃវែង ។
កិច្ចប្រជុំតុមូលនាពេលនេះ បានធ្វើការពិភាក្សាលើបញ្ហាប្រឈមទាំងឡាយរបស់កសិករនៅក្នុងខ្សែច្រវ៉ាក់នៃការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម ដើម្បីឈានទៅដល់ការធ្វើផលិតកម្មរបស់ខ្លួនប្រកបដោយការប្រគួតប្រជែងបានជាមួយប្រទេសជិតខាង ដោយបានជាសំខាន់ទីលើប្រធានបទដូចខាងក្រោម៖
១. លើកកម្ពស់ផលិតភាពផលិតកម្មចំណីសត្វក្នុងស្រុកប្រកបដោយគុណភាពឲ្យបានគ្រប់គ្រាន់ និងមានភាពប្រគួតប្រជែង។
២. ធានាបរិមាណផ្គត់ផ្គង់សាច់សត្វនិងត្រីឱ្យដល់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ប្រកបដោយគុណភាព និងសុវត្ថិភាព។
៣. ចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹមរបស់កសិករ ។
៤. ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់។