នៅសាលាជាតិកសិកម្មព្រែកលៀប កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកការរដ្ឋានសាងសង់មន្ទីរពិសោធន៍វិភាគផលិតផលកសិកម្ម ជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។
តាមការគូសបញ្ជាក់ពីសំណាក់លោកប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌវិស័យកសិកម្ម នៃប្រទេសទាំងពីរ កម្ពុជា-ចិន ចាប់តាំងពីឆ្នាំ១៩៩៨មក ដោយរលូន ដើម្បីជម្រុញការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកវិទ្យាសាស្ត្រ និងការគាំទ្រថវិកាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម និងកសិពាណិជ្ជកម្មរវាងប្រជាជន និងរដ្ឋាភិបាលកម្ពុជា-ចិន ដោយបានចុះហត្ថលេខាលើលិខិតបទដ្ឋាន អនុស្សារណៈយោគយល់គ្នា និងពិនិសារ-កិច្ចព្រងព្រៀងជាបន្តបន្ទាប់សម្រាប់ជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការនេះ។
បន្ទាប់ពីមតិចំណាប់អារម្មណ៍របស់ឯកឧត្តម JIN YAUN ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជារួចមក ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន តាមរយៈការផ្តល់ទំនុកចិត្តសាជាថ្មី ពីសំណាក់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តបេសកកម្មដ៏ថ្លៃថ្លា នៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ហើយថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយភាគីចិនបានប្រារព្ធពិធីបើកការដ្ឋានសាងសង់មន្ទីរពិសោធន៍័វិភាគផលិតផលកសិកម្មដែលជាជំនួយគាំទ្ររបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន ឈានឆ្ពោះទៅធ្វើឱ្យប្រសើរឡើងនូវគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម របស់កម្ពុជា ដើម្បីធានាស្តង់ដា ការប្រើប្រាស់ក្នុងស្រុក និងបង្កើនការជឿទុកចិត្ត ដល់ប្រទេសនាំចូល។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល និងប្រជាជនសាធារណៈរដ្ឋប្រជាមានិតចិន ដែលនៅតែបន្តការគាំទ្រដល់ប្រទេសកម្ពុជា តាំងពីដើមរៀងមក ហើយខណៈនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម YIN YAUN ក៏បានអញ្ជើញប្រកាសបើកការរដ្ឋានចាប់ផ្តើមដំណើរការសាងសង់ មន្ទីរពិសោធន៍វិភាគផលិតផលកសិម្ម ចំនួនមួយខ្នង អគារស្នាក់នៅរបស់អ្នកបច្ចេកទេស ១ខ្នង ជួសជុលកែលំអអគារពិសោធន៍ចាស់ ១ខ្នង និងបំពាក់ឩបករណ៍ សំភារៈនៅក្នុងតម្លៃទឹកប្រាក់សរុប ចំនួន ៦៥លានយន់។