លោក ហុង ណារិត នាយកខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានអះអាងក្រោយពេលដែលលោករដ្ឋមន្ត្រី ច័ន្ទ សារុន និង លោកស្រី ហ្សាង ហ្ស៊ីន ហ្វែង ( Zhang Jinfeng ) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាចូលជួបនិងជម្រាបលា នៅក្នុងខណៈពេលដែល លោកស្រីនឹងបញ្ចប់បេសកកម្មការទូតនៅកម្ពុជាក្នុងខែ មីនា ខាងមុខនេះ។
លោក ណារិត បានប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី ២៨ ខែ មករា នេះថា កន្លងមក ក្រសួងនិងប្រទេសចិន ជាពិសេសតាមរយៈស្ថានទូតចិននៅក្នុងប្រទេសកម្ពុជាធ្លាប់មានទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការជាច្រើនផ្នែក ប៉ុន្តែនៅក្នុងជំនួបខាងលើ លោករដ្ឋមន្រ្តីបានស្នើសុំឲចិនជំរុញនិងលើកកម្ពស់សហប្រតិបត្តិការមួយបន្ថែមទៀត។
កិច្ចសហប្រតិបត្តិការដែលក្រសួងកំពុងតែស្វែងរកនោះ គឺការជំរុញការនាំចេញផលិតផលកសិកម្ម ដែលកន្លងមកចិនធ្លាប់បានផ្តល់ភាពអនុគ្រោះពន្ធហើយ តែនៅជាប់បញ្ហាស្តង់ដាអនាម័យ ។ កិច្ចសហប្រតិបត្តិការមួយទៀត គឺការស្វែងរកនូវការចុះអនុស្សរណះនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្មជាមួយនឹងខេត្តស្វ័យត ក្វាងស៊ី ។ កិច្ចសហប្រតិបត្តិការមួយទៀត គឺការជម្រុញអោយក្រុមហ៊ុនចិន ដែលបានមកវិនិយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាកន្លងមក បង្កើនសកម្មភាពរបស់ពួកគេ និង ស្វែងរកដៃគូវិនិយោគថ្មីបន្ថែមទៀត ។
ដោយឡែក កិច្ចសហប្រតិបត្តិការចុងក្រោយ ដែលក្រសួងស្នើសុំឲស្ថានទូតចិនជួយដល់ក្រសួងនោះ គឺជួយបង្កើនល្បឿនដល់កម្រោងអភិវឌ្ឍន៍ ដំណាំក្សេតសាស្រ្ត និង បសុព្យាបាលមួយដែលមានតម្លៃប្រមាណជា ៥ លានដុល្លារ ដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានដាក់ស្នើសុំជំនួយពីប្រទេសចិន នាពេលកន្លងមក ។
ពាក់ព័ន្ធនឹងសំណើរទាំងអស់នោះ លោក ណារិត បានអះអាងថា លោកស្រីឯកអគ្គរដ្ឋទូតបានទទួលស្វាគមន៍ ហើយសន្យាថា នឹងជួយជម្រុញលើកិច្ចសហប្រតិបត្តិការនេះ បើទោះបីជាលោកស្រីនឹងត្រូវបញ្ចប់បេសកកម្មនៅពេលឆាប់ៗខាងមុខក៏ដោយ ។
លោក ណារិត បានឲដឹងបន្ថែមទៀតថា នៅក្នុងជំនួបនេះ លោកស្រី ហ្ស៊ីនហ្វែន បានទទួលស្គាល់នូវការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេស លើវិស័យកសិកម្ម ហើយសន្យាថានឹងជួយជំរុញឲមានកិច្ចសហប្រតិបត្តិការ លើផ្នែកនេះបន្ថែមទៀត ។