នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងពិធីបរិច្ចាកឈាមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកា ស.ស.យ.ក វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការចូលរួមរបស់ថ្នាក់ដឹកនាំ និងយុវជនទាំងអស់ ឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែច្រើន នូវអត្ថប្រយោជន៍ក្នុងការចូលរួមបរិច្ចាកឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម ពិតប្រយោជន៍ច្រើនណាស់ ក្នុងការជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលមានតម្រូវចាំបាច់។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់យុវជនបន្តចូលរួមបរិច្ចាកឈាមជាប្រចាំ បន្តឱ្យក្លាយជាទម្លាប់ ព្រោះថា ការចូលរួមបរិច្ចាកឈាមដោយការស្ម័គ្រចិត្តនិងដោយពេញចិត្ត គឺជាការរួមគ្នាធ្វើអំពើល្អ ដើម្បីចែករំលែកដល់សង្គមជាតិ ដែលវានឹងជួយដល់មនុស្សនៅជុំវិញខ្លួនយើងបាន នៅពេលពួកគេមានតម្រូវការគ្រប់ពេលវេលា។
លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើ ស.ស.យ.ក វិស័យកសិកម្ម បន្តលើកទឹកចិត្តដល់យុវជនដែលបានចូលរួមបរិច្ចាកឈាម និងពិនិត្យលទ្ធភាពក្នុងការលើកទឹកចិត្ត ចំពោះសេចក្តីល្អនៃការចូលរួមរបស់យុវជនជាមួយសង្គមជាតិ៕