-កម្មវិធីទី០២:
ចេញពីស្រុករមាសហែក ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលរងខេត្ត រួមជាមួយសហការី បានបន្តមកស្រុកស្វាយទាប ឃុំស្វាយរំពារ ភូមិស្វាយធំ ដើម្បីពិនិត្យការងារដាំដុះបន្លែសុវត្ថិភាពរបស់ កសិករ នួន តុលា ដែលកំពុងដាំបន្លែស្ពៃក្រញាញ់ និងស្ពៃចង្កឹះ។ កសិករនួន តុលានាមឲ្យដឹងថា លោកចាប់យករបរនេះតាំងពីឆ្នៃ២០១១ ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីមន្ទីរ ជាបន្តបន្ទាប់។ បទពិសោធន៍ទាំងអស់នេះធ្វើឲ្យកសិកររូបនេះរឹងដៃ រឹងជើងមានសមត្ថភាពអាច អនុវត្តបច្ចេកទេសដាំ ថែរក្សា ប្រមូលលបានយ៉ាងល្អ ហើយទីផ្សារកំពុងពេញនិយមទាំងទីផ្សារក្នងតំបន់ និងរាជធានីភ្នំពេញ។ មានចំណេះជំនាញ និងបទពិសោធន៍ នាំឲ្យកសិកររូបនេះអាច ដាំបន្លែបានពី ៦-៧ ដងក្នុង ១ឆ្នាំ ហើយក្នុង ១លើកទទួលផលបាន ២,៥តោន (អាស្រ័យលើប្រភេទបន្លែ) ហើយក្នុង ១kg តម្លៃ ២៥០០រៀល សរុបក្នុង ១ឆ្នាំអាចទទួលបានចំណូលពី ១៤-១៥លានរៀល (ទូទាត់ថ្លៃដើមរួច)។
លោកប្រធានមន្ទីរបានឲ្យដឹងថា បច្ចុប្បន្នបានរៀបចំចងក្រងក្រុមផលិតបន្លែសុវត្ថិភាពបាន៤៩ គ្រួសារ មានផ្ទៃដីដាំដុះ ៨,៥ហត ហើយកំពុងតែរៀបចំកម្មវិធីដាំដុះទៅតាមតម្រូវការទីផ្សារ និងអនុវត្តកម្មវិធី GAP(ការអនុវត្តកសិកម្មល្អ) ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយ:គុណភាព និងសុវត្ថិភាពនៃផលិតផល។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យកសិករដាំដំណាំឆ្លះ ចៀសវាងផលិតផលជន់លើទីផ្សារ និងជាពិសេសការឆ្លងរាលដាលជំងឺ។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ចុះជួយរៀបចំចងក្រងសហគមន៍ផលិតបន្លែទៅតាប្រភេទបន្លែឲ្យបានត្រឹមត្រូវរួចផ្តល់ស្លាកសញ្ញា ឬ Logo ដើម្បីសម្គាល់សហគមន៍ ធ្វើយ៉ាងនេះដើម្បីផ្តល់ភាពយុត្តិធម៌ដល់ភាគីអ្នកផលិត ឈ្មួញកណ្តាល និងអ្នកបរិភោគ។ មួយវិញទៀត គួររៀបចំកន្លែងប្រមូលផ្តុំ ដើម្បីងាយស្រួលកំណត់បរិមាណបន្លែសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារ។