នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកនាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប បានដឹកនាំកម្លាំងអន្តរាគមន៍ថ្នាក់ជាតិ ចុះពិនិត្យនិងបង្ក្រាបបទល្មើសជលផលប្រចាំកន្លែងអភិរក្សជលផលកំពង់ភ្លុក និងចាប់ពីចំណុចតាទូ ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុក ដល់ចំណុចកំពង់ឃ្លាំង និងកន្លែងអភិរក្សជលផលអតីតឡូត៍នេសាទលេខ៦ ស្ថិតក្នុងភូមិសាស្រ្តឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងប្រតិបត្តិការបង្រ្កាបនោះ ក្រុមការងារនិងសមត្ថកិច្ចពាក់ព័ន្ធបានរុះរើ និងបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកចំនួន ១ករណី ដែលរួមមាន៖ របាំងសាច់អួនក្រឡាញឹក ៣កន្លែង ប្រវែង ៣០០ម៉ែត្រ លូចំនួន ៣មាត់ បង្គោលចម្រឹងចំនួន ១៥០ដើម។ ឯកឧត្តម ប៉ែន ផល្លីកា ក៏បានអញ្ជើញលែងត្រីចម្រុះចំនួន៥គីឡូក្រាម និងបានអប់រំប្រជានេសាទចំនួន ៦នាក់ ដែលនេសាទដោយឧបករណ៍លប រួមផ្សំរបាំងដែលមានប្រវែងវែង និងខុសក្រឡាក្នុងរដូវបិទនេសាទ ដោយស្នើឱ្យម្ចាស់រុះរើដោយខ្លួនឯង៕